(រ៉ង់ហ្គូន)៖ អាជ្ញាធរបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ទឹកជំនន់ និងគ្រោះបាក់ដីដែលបង្កឡើងដោយភ្លៀងមូសុង បានសម្លាប់មនុស្ស ៥នាក់ និងបង្ខំឱ្យមានការជម្លៀសមនុស្សប្រមាណ ៤០,០០០នាក់ផ្សេងទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។

អ្នកវិទ្យាសាស្ត្របាននិយាយថា ប្រទេសមីយ៉ាន់ម៉ាមានភ្លៀងធ្លាក់ខ្លាំងជារៀងរាល់ឆ្នាំនារដូវនេះ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ព្រឹត្តិការណ៍អាកាសធាតុអាក្រក់ បានវាយប្រហារគ្រប់ផ្នែកទាំងអស់នៃពិភពលោក ដោយការប្រែប្រួលអាកាសធាតុ។

នៅទីក្រុងបាហ្គោ ភាគឦសាននៃទីក្រុងរ៉ង់ហ្គូន អ្នកស្រុកមួយចំនួនត្រូវបានជម្លៀសចេញទាន់ពេល ខណៈពេលដែលអ្នកផ្សេងទៀតមិនទាន់ពេលវេលាទេ ដោយសារទឹកឡើងយ៉ាងឆាប់រហ័សពេក។

លោក Soe Min Aung អាយុ ២៣ឆ្នាំជាអ្នករស់នៅទីក្រុងបាហ្គោ បានប្រាប់ AFP ថា «ជារៀងរាល់ឆ្នាំនៅក្នុងទីក្រុងបាហ្គោ តែងតែមានទឹកជំនន់ ប៉ុន្តែលើកនេះគឺធ្ងន់ធ្ងរបំផុត»។ ដោយបន្ថែមថា គ្រួសាររបស់លោកបានសម្រេចទិញទូកសម្រាប់ធ្វើដំណើរ។

លោកស្រី Lai Shwe Zin O ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម និងការតាំងទីលំនៅថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា មនុស្ស ៥នាក់បានស្លាប់ ហើយចំនួនអ្នកជម្លៀសនៅទូទាំងប្រទេសត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៤០,០០០នៅថ្ងៃសុក្រសប្តាហ៍នេះ។

លោកស្រីបានប្រាប់ AFP ថា អាជ្ញាធរកំពុងផ្តល់របស់របរចាំបាច់ ដល់គ្រួសារដែលត្រូវបានជម្លៀសទៅកាន់ជំរំបណ្តោះអាសន្ន។

គួរបញ្ជាក់ថា បើយោងតាមការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បានប៉ាន់ប្រមាណថា ប្រជាជនមីយ៉ាន់ម៉ាប្រហែល ៥០,០០០នាក់ បានរងផលប៉ះពាល់ដោយភ្លៀងមូសុងខ្លាំង និងការកើនឡើងនៃទឹកទន្លេ និងព្រែក ចាប់តាំងពីដើមខែសីហាមក៕