(ប៉េកាំង)៖ នៅព្រឹកព្រលឹមថ្ងៃទី១០ខែសីហាតាមម៉ោងក្រុងប៉េកាំង លោក Joe Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិស្តីពីការត្រួតពិនិត្យចំពោះការបណ្តាក់ទុនវិនិយោគនៅក្រៅប្រទេស ដោយដាក់កំហិតចំពោះក្រុមហ៊ុនអាមេរិក ដែលបណ្តាក់ទុនវិនិយោគ នៅប្រទេសចិនក្នុងវិស័យវត្ថុពាក់កណ្តាលចម្លងនិងមីក្រូអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មានកង់ទិចនិងភាពវៃឆ្លាតសប្បនិម្មិត ។ ប្រព័ន្ធសារព័ត៌មានអាមេរិកថ្លែងថា បទបញ្ជាប្រតិបត្តិនេះប្រហែលនឹង ចូលជាធរមាននៅមួយឆ្នាំក្រោយ ក្នុងរយៈពេលនេះ រដ្ឋាភិបាលលោក Joe Biden នឹងប្រមូលមតិនិងប្រតិកម្មរបស់ប្រជាជន ដើម្បីធ្វើការកែសម្រួល ។ តាមការពិត ការដាក់ចេញបទបញ្ជាប្រតិបត្តិនេះក៏ជាសញ្ញាអវិជ្ជមានមួយ ពោលគឺបានយក “ការលុបចោលហានិភ័យ”ធ្វើជាលេស ដើម្បីជំរុញ “ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់” ដែលបាននាំមកនូវភាពជ្រួលច្របល់ដល់ពិភពលោក។

មជ្ឈដ្ឋានសេដ្ឋកិច្ចអាមេរិកបានសម្តែងការព្រួយបារម្ភភ្លាមៗ ។ សមាគមឧស្សាហកម្មវត្ថុពាក់កណ្តាលរបស់អាមេរិកបានថ្លែងថា នឹងផ្តល់មតិយោបល់ ហើយរំពឹងថា ក្បួនច្បាប់ចុងក្រោយអាចអនុញ្ញាតឱ្យក្រុមហ៊ុនបន្ទះឈីបរបស់អាមេរិក “ចូលក្នុងទីផ្សារដ៏សំខាន់នៅទូទាំងពិភពលោក ក្នុងនោះក៏បូករួមទាំងប្រទេសចិនផង” ។ សមាគមការវិនិយោគហានិភ័យជាតិអាមេរិកក៏បានសម្តែងថា បាននិងកំពុងតាមដានយ៉ាងដិតដល់ ដើម្បីធានាថា បទបញ្ជាប្រតិបត្តិនេះ “មិនបង្កជាផលវិបាកដែលនឹកស្មានមិនដល់ចំពោះការវិនិយោគរបស់ក្រុមហ៊ុនអាមេរិក”ទេ។
តាមការទម្លាយនៃប្រព័ន្ធសារព័ត៌មានអាមេរិកឱ្យដឹងថា ពេលវេលាសម្រាប់ដាក់ចេញបទបញ្ជាប្រតិបត្តិនេះ បានប្រើប្រាស់អស់រយៈពេលជិតពីរឆ្នាំ ។ ឥស្សរជនវិភាគបានលើកឡើងថា ការដាក់ចេញបទបញ្ជាប្រតិបតិ្តនេះហាក់ដូចជា “ឧបាយកលនយោបាយ” ដែលបានឆ្លុះបញ្ចាំងពីបរិយាកាសនយោបាយមិនប្រក្រតីនៃក្រុងវ៉ាស៊ីនតោន។

បើមើលពីវិស័យប្រាក់ទុនអាមេរិកអាចឃើញថា បទបញ្ជាប្រតិបតិ្តនេះនឹងធ្វើឱ្យប្រាក់ទុនអាមេរិកបំបែកពីគ្នាជាមួយប្រទេសចិនដែលជា “ប្រភពច្នៃប្រឌិតថ្មី” ។ នៅកាលពីមុន ស្ថាប័នភាគហ៊ុនឯកជន(PE) និងស្ថាប័នវិនិយោគហានិភ័យរបស់អាមេរិកបានចែករំលែក ភាគលាភនៃការអភិវឌ្ឍនិងច្នៃប្រឌិតថ្មីរបស់ចិន ។ ទិន្នន័យស្ថិតិបង្ហាញថា នៅប្រទេសចិន ក្នុងចំណោមសហគ្រាសដែលទទួលបាន ដើមទុនវិនិយោគទាំងអស់ មួយភាគបីគឺវិនិយោគដោយភាគីអាមេរិក ។ ឥស្សរជនវិភាគបានលើកឡើងថា ប្រសិនបើប្រាក់ទុនអាមេរិកដកចេញ នោះប្រាក់ទុនប្រទេសផ្សេងទៀតនឹងបំពេញបន្ថែមភ្លាមៗ ។ កាសែត 《New York Times 》ក៏បានទទួលស្គាល់ថា “ចិនមិនខ្វះប្រាក់ទុន”នោះទេ។

ព្រមពេលជាមួយគ្នានេះ រដ្ឋាភិបាលអាមេរិកធ្វើការដាក់កំហិតចំពោះការវិនិយោគនៅប្រទេសចិន ប្រការនេះបានបំផ្លាញយ៉ាងខ្លាំងម្តងទៀត ដល់កេរ្តិ៍ឈ្មោះរបស់អាមេរិកថែមទៀត ។ ឥឡូវនេះ ភាគីអាមេរិកបង្កការដាក់កំហិតចំពោះការវិនិយោគនៅប្រទេសចិន និងប៉ុនប៉ងវាយបង្ក្រាបការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់របស់ចិន គឺជាការនិយាយផ្សេងធ្វើផ្សឹងទាំងស្រុង ដែលគ្មានគោរពពាក្យសច្ចៈអ្វីសោះ ។ មតិអន្តរជាតិលើកឡើងថា ទង្វើរបស់ភាគីអាមេរិកនឹងធ្វើឱ្យទំនាក់ទំនងរវាង តួអង្គសេដ្ឋកិច្ចធំបំផុតទាំងពីរនៅលើពិភពលោកមានភាពកាន់តែតានតឹង។ រីឯអាមេរិកវិញ ត្រូវរ៉ាប់រងទំនួលខុសត្រូវទាំងស្រុង ដែលបានបំផ្លាញដល់ទំនាក់ទំនងរវាងចិននិងអាមេរិក ។

សូមដាស់តឿនអ្នកនយោបាយអាមេរិកកុំបណ្តោយខ្លួន ចូលទៅក្នុង “ឧបាយកលនយោបាយ”អី គួរតែស្តាប់សំឡេងឱ្យបានច្រើន ពីមជ្ឈដ្ឋាននានា ដើម្បីធ្វើការចាត់ចែងមានទំនួលខុសត្រូវនិងគោរពតាមក្បួនខ្នាតសេដ្ឋកិច្ច ។ ភាគីអាមេរិកបង្ខំជំរុញ“ការផ្តាច់ទំនាក់ទំនង និងខ្សែសង្វាក់”គឺមិនអាចរារាំងដល់ការអភិវឌ្ឍរបស់ចិនបានឡើយ ហើយចុងក្រោយមុខជានឹងបំផ្លាញដល់ផលប្រយោជន៍ផ្ទាល់ខ្លួន ជាក់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន