(មូស្គូ)៖ រុស្ស៉ី បានបិទអាកាសយានដ្ឋានចំនួន ២ជាបណ្ដោះអាសន្ន នៅថ្ងៃសុក្រនេះ ដោយជើងហោះហើរទាំងចូល និងចេញទាំងអស់ត្រូវផ្អាក ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ រាយការណ៍ថា បណ្តាលមកពីសកម្មភាពនៃយន្តហោះដ្រូន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។
ដំបូងឡើយ អាកាសយានដ្ឋានវីនូកូវ៉ូ (Vnukovo) និងអាកាសយានដ្ឋានកាលូហ្កា (Kaluga) ដែលស្ថិតនៅភាគនិរតី ចម្ងាយប្រហែល ១៥០គីឡូម៉ែត្រពីរដ្ឋធានីមូស្គូ បានផ្អាកជើងហោះហើរទាំងអស់ ហើយមួយចំនួនត្រូវផ្លាស់ប្តូរទិសដៅទៅកាន់អាកាសយានដ្ឋានផ្សេងទៀត ក្នុងទីក្រុងមូស្គូ ប៉ុន្តែក្រោយមកក៏បានបើកឡើងវិញ។ ចាប់ពីម៉ោងជាង ១០ព្រឹក (ម៉ោងក្នុងតំបន់) ការរឹតបន្តឹងលើជើងហោះហើរ នៅឯអាកាសយានដ្ឋាន Vnukovo ត្រូវបានដកចេញ ហើយដំណើរការជាធម្មតា។ បើតាមអភិបាលក្រុងមូស្គូ ដ្រូនមួយគ្រឿងត្រូវបានបាញ់ទម្លាក់ពីលើរដ្ឋធានី។ យ៉ាងនេះក្តី គេមិនទាន់ដឹងច្បាស់ទេថាតើវាមានជាប់ពាក់ព័ន្ធ ទៅនឹងការបិទអាកាសយានដ្ឋាននេះឬអត់។
គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសដោយយន្តហោះដ្រូនចូលជ្រៅទៅក្នុងទឹកដីរុស្ស៉ី កាន់តែកើនឡើង ចាប់តាំងពីដ្រូនមួយគ្រឿងត្រូវបានបំផ្លាញពីលើវិមានក្រឹមឡាំង កាលពីដើមខែឧសភា។ បន្ទាប់មក តំបន់ជនស៉ីវិលនៅក្នុងរដ្ឋធានីមូស្គូ ក៏បានរងនូវការវាយប្រហារផងដែរ ខណៈសង្កាត់ពាណិជ្ជកម្មមួយនៅទីក្រុងមូស្គូ ត្រូវបានគេកំណត់គោលដៅ ២ដងហើយ នៅដើមខែសីហានេះ៕