(ការ៉ាកាស)៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក អ៉ីវ៉ាន ជីល (Yvan Gil) បានប្រាប់បទសម្ភាសន៍មួយថា វ៉េណេស៊ុយអេឡា មើលឃើញថាប្រ៊ីក (BRICS) ជាផ្លូវត្រួសត្រាយមួយសម្រាប់ការរៀបចំសណ្តាប់ធ្នាប់ពិភពលោកថ្មី ហើយបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួម និងរួមចំណែកដល់ការអភិវឌ្ឍន៍បន្ថែមទៀត ជាមួយសមាគមនេះ។ នេះបើយោងតាមការចេញដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។

លោក អ៉ីវ៉ាន ជីល បានគូសបញ្ជាក់ថា «BRICS ជាជម្រើសថ្មីនៃការរួបរួម ពិភពលោកថ្មី និងសណ្តាប់ធ្នាប់សេដ្ឋកិច្ច។ លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) ក៏បានប្រកាសពីការដាក់សំណើជាផ្លូវការ ដើម្បីសុំចូលជាសមាជិករបស់ BRICS រួចហើយ»

លោក អ៉ីវ៉ាន ជីល បានបន្ថែមថា «វ៉េណេស៊ុយអេឡា មានហេដ្ឋារចនាសម្ព័ន្ធជឿនលឿន ហើយអាចក្លាយជាមជ្ឈមណ្ឌលថាមពលសម្រាប់ BRICS។ យើងជឿជាក់ថា អាចរួមចំណែកដ៏សំខាន់សម្រាប់ BRICS ពីព្រោះវ៉េណេស៊ុយអេឡា មានធនធានប្រេងបម្រុងច្រើនជាងគេបំផុត នៅលើពិភពលោក ដោយមានច្រើនជាង ៣០០ពាន់លានបារ៉ែល»

គួរបញ្ជាក់ថា ក្រុមប្រទេស BRICS ដែលរួមមាន ប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង គ្រោងរៀបចំកិច្ចប្រជុំកំពូលចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ខាងមុខនេះ នៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង៕