(បែរឡាំង)៖ នៅថ្ងៃសុក្រនេះ ប្រមុខកងទ័ពអាកាសនៃប្រទេសអាល្លឺម៉ង់ លោក អ៉ីនហ្គោ ហ្គែរហាត (Ingo Gerhartz) បាននិយាយថា អាល្លឺម៉ង់នឹងមានឧទ្ធម្ភាគចក្រយោធាច្រើនជាងគេលំដាប់ទី២ ក្នុងចំណោមប្រទេសណាតូ (NATO) តាមរយៈផែនការទិញឧទ្ធម្ភាគចក្រ ឈីនូក (Chinook) ប្រមាណ៦០គ្រឿង ដែលខ្លួនបានប្រកាសកាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។

លោក Gerhartz បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងក្លាយជាប្រទេសដែលមានកងឧទ្ធម្ភាគចក្រធំជាងគេលំដាប់ទី២ នៅក្នុង NATO បន្ទាប់ពីសហរដ្ឋអាមេរិក»។ បើតាមប្រមុខកងទ័ពអាកាសអាល្លឺម៉ង់រូបនេះ ឧទ្ធម្ភាគចក្រ Chinook ជិត៥០គ្រឿង នឹងត្រូវដាក់ឱ្យឈរជើងនៅ​មូលដ្ឋាន ហូលដូហ្វ-ស៊ូណេវ៉ាល់ដឺ (Holzdorf/Schoenewalde) ដែលស្ថិតនៅភាគខាងកើតអាល្លឺម៉ង់ ជាទីដែលកងទ័ពបន្ថែមចំនួន ១,០០០នាក់ ក៏នឹងត្រូវដាក់ពង្រាយផងដែរ។ លោក Gerhartz បានបន្តថា មូលដ្ឋាននេះ នឹងដើរតួនាទីគន្លឹះពិសេសសម្រាប់សន្តិសុខ របស់​កងទ័ពអាកាស ក៏ដូចជាសន្តិសុខរបស់កងកម្លាំងយោធានិងប្រទេសអាល្លឺម៉ង់ទាំងមូល។

គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ ទីក្រុងបែរឡាំងបានប្រកាសពីគម្រោងទិញ ឧទ្ធម្ភាគចក្រយោធាដឹកជញ្ជូន Chinook ចំនួន៦០គ្រឿង ពីក្រុមហ៊ុនអាមេរិក Boeing ក្នុងកញ្ចប់មួយ ដែលមានតម្លៃរហូតដល់៨ពាន់លានអឺរ៉ូ ឬស្មើនឹង៨.៧ពាន់លានដុល្លារ ដោយរួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់ សម្រាប់ឧទ្ធម្ភាគចក្រទាំងនោះ៕