(ប៉េកាំង)៖ លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់លោក វ៉ាង យី៖

លោក វ៉ាង យី (Wang Yi) កើតនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៥៣ មុននឹងបានក្លាយជាទីប្រឹក្សារដ្ឋ និងប្រមុខការទូតកំពូលរបស់ចិន លោកធ្លាប់បានកាន់តំណែងសំខាន់ៗជាច្រើនរួចមកហើយដូចជា អនុរដ្ឋមន្ត្រីការបរទេស, ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុន និងនាយកនៃការិយាល័យកិច្ចការកោះតៃវ៉ាន់ជាដើម។

បុរសដែលមានស្រុកកំណើតនៅទីក្រុងប៉េកាំងរូបនេះ បានបញ្ចប់ថ្នាក់វិទ្យាល័យនៅពីខែកញ្ញា ឆ្នាំ១៩៦៩ ដែលកាលណោះ លោកត្រូវបានគេបញ្ជូនទៅកាន់ភាគឦសានប្រទេសចិន ដើម្បីទទួលការហ្វឹកហ្វឺនជំនាញនៅឯក្រុមហ៊ុនវិស្វកម្មយោធានៃភាគឦសាន ក្នុងខេត្តហៃឡុងជាំង ដែលមានរយៈពេលរហូតដល់ទៅ៨ឆ្នាំឯណោះ។

នៅខែធ្នូ ឆ្នាំ១៩៧៧ លោកបានត្រឡប់មកកាន់ទីក្រុងប៉េកាំងវិញ ដើម្បីទទួលការសិក្សាបន្ត នៅឯនាយកដ្ឋានភាសាអាស៊ី និងអាហ្វ្រិក នៃទីក្រុងប៉េកាំង (BISU) ហើយលោកក៏បានបញ្ចប់បរិញ្ញាប័ត្រភាសាជប៉ុន នៅខែកុម្ភៈ ឆ្នាំ១៩៨២ថែមទៀត។ ដោយឡែកភរិយារបស់លោក វ៉ាង យី គឺជាកូនស្រីរបស់លោក Qian Jaidong ដែលជារដ្ឋមន្ត្រីការបរទេសរបស់អតីតរដ្ឋាភិបាលចិនដឹកនាំដោយលោក ជូ អេងឡាយ (Zhou Enlai)។

នៅខែកញ្ញា ឆ្នាំ១៩៨៩ លោក វ៉ាង ត្រូវបានរដ្ឋាភិបាលចិនបញ្ជូនឲ្យទៅធ្វើការងារនៅស្ថានទូតចិនប្រចាំ ទីក្រុងតូក្យូប្រទេសជប៉ុន ដែលមានអាណត្តិ ៥ឆ្នាំ ហើយលោកក៏បានត្រឡប់មកកាន់ប្រទេសចិនវិញ នៅខែមីនា ឆ្នាំ១៩៩៤។ ក្រោយពីធ្វើការបំពេញទស្សនកិច្ច និងសិក្សាបន្ថែមនៅក្រៅប្រទេសរួមទាំង សហរដ្ឋអាមេរិកផងដែរ ពីឆ្នាំ១៩៩៤ ដល់ ១៩៩៩ លោក វ៉ាង ក៏ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសចិននៅខែកុម្ភៈ ឆ្នាំ២០០១។

នៅខែកញ្ញា ឆ្នាំ២០០៤ លោកត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងតូក្យូ ប្រទេសជប៉ុនតែម្តង ដោយបានកាន់តំណែងរហូតដល់ខែកញ្ញា ឆ្នាំ២០០៧។ នៅខែមិថុនា ឆ្នាំ២០០៨ លោក វ៉ាង យី បានជំនួសតំណែងលោក ជិន យុនលីន ក្លាយជានាយកនៃការិយាល័យកិច្ចការកោះតៃវ៉ាន់ ដែលស្ថិតនៅក្រោមក្រុមប្រឹក្សារដ្ឋនៃសាធាណរដ្ឋប្រជាមានិតចិន។

រហូតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ ក្រោយការឡើងកាន់តំណែងរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង លោក វ៉ាង ត្រូវបានតែងតាំងជាផ្លូវការក្លាយជារដ្ឋមន្ត្រីការបរទេសចិន ដោយមានការគាំទ្រពីសភាប្រជាជនចិន។ ឆ្នាំ២០១៨ លោកទទួលបានមុខងារបន្ថែមជាទីប្រឹក្សារដ្ឋចិន។ លោកក៏ជាសមាជិកការិយាល័យ នយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនផងដែរ។

គួរបញ្ជាក់ថា លោក វ៉ាង យី ដែលមានអាយុ ៦៩ឆ្នាំ គឺជាសមាជិកម្នាក់ ក្នុងចំណោមសមាជិក ២៤រូបនៃការិយាល័យនយោបាយនៃគណបក្សកុម្មុយនិស្ដចិន និងបានកាន់តំណែងជារដ្ឋមន្ត្រីការបរទេសចិន ចាប់ពីដើមឆ្នាំ២០១៣ រហូតដល់ខែធ្នូ ឆ្នាំ២០២២។ លោក វ៉ាង យី បានឡើងកាន់តំណែងជារដ្ឋមន្ត្រីការបទេសចិន សាជាថ្មី បន្ទាប់ពីចិនបានប្រកាសថាលោក ឈិន កាង (Qin Gang) ត្រូវបានដកតំណែងជារដ្ឋមន្ត្រីការបរទេសកាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅ ដោយមិនបាន បញ្ជាក់ពីមូលហេតុអ្វីទេ៕