(តេហេរ៉ង់)៖ អ៉ីរ៉ង់ អាចនឹងបន្ធូរបន្ថយទោសដល់ពលរដ្ឋអាមេរិកចំនួន ៥នាក់ដែលកំពុងជាប់ឃុំនៅទីក្រុងតេហេរ៉ង់ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងមូលនិធិចំនួន ៦ពាន់លានដុល្លាររបស់ខ្លួន មិនឲ្យបង្កនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) រំពឹងថានឹងនាំទៅដល់ដោះលែងពួកគេតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។

មេធាវីម្នាក់ បាននិយាយថា ជាជំហានដំបូងអ៉ីរ៉ង់ អនុញ្ញាតឲ្យពលរដ្ឋអាមេរិកដែលជាប់ឃុំចំនួន ៥នាក់ ផ្លាស់ចេញពីពន្ធនាគារ Evin របស់ទីក្រុងតេហេរ៉ង់ ទៅឃុំខ្លួនក្នុងផ្ទះវិញ។ ចំណែក អ្នកទី ៥ បានស្ថិតនៅក្រោមការឃុំឃាំងក្នុងផ្ទះរួចហើយ។ បើតាមអ្នកតំណាងរបស់អ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ក៏ត្រូវដោះលែងពលរដ្ឋអ៉ីរ៉ង់មួយចំនួនពីពន្ធនាគារផងដែរ នៅក្រោមកិច្ចព្រមព្រៀងនេះ។

ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន លោក ប្លីនខិន បានគូសបញ្ជាក់ថា «ខ្ញុំមានជំនឿចិត្តថា នេះគឺជាការចាប់ផ្តើមនៃការបញ្ចប់សុបិន្តអាក្រក់របស់ពួកគេ។ មានការងារច្រើនទៀតដែលត្រូវធ្វើដើម្បីនាំពួកគេត្រឡប់មកផ្ទះវិញ»។ ពលរដ្ឋអាមេរិក ៥នាក់នោះទំនងជានឹងអនុញ្ញាតឲ្យចាកចេញពីអ៉ីរ៉ង់ ប្រសិនបើមិនមានការបង្កកមូលនិធិចំនួន ៦ពាន់លានដុល្លាររបស់អ៉ីរ៉ង់ នៅក្នុងប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ការអនុញ្ញាតឲ្យពលរដ្ឋអាមេរិកចាកចេញពីអ៉ីរ៉ង់ ដែលអាចចំណាយពេលច្រើនសប្តាហ៍នោះ នឹងសម្រាលបានខ្លះនូវភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ដែលនៅតែមានភាពខ្វែងគ្នាជុំវិញកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង ក៏ដូចជាការគាំទ្ររបស់ទីក្រុងតេហេរ៉ង់សម្រាប់កងជីវពលស៉ីអ៉ីតក្នុងតំបន់៕