(ព្យុងយ៉ាង)៖ ភ្លៀងខ្លាំងនៅតែបន្តធ្លាក់ក្នុងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង នាថ្ងៃសុក្រនេះ ដោយសារតែឥទ្ធិពលនៃព្យុះខានុន (Khanun) បណ្តាលឲ្យទីក្រុងព្យុងយ៉ាងចេញការព្រមានអំពីការខូចខាតបណ្តាលមកពីទឹកជំនន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។

ព្យុះទីហ្វុង Khanun បានចុះខ្សោយទៅជាព្យុះត្រូពិច នៅពេលឆ្លងចូលកូរ៉េខាងជើងពេញមួយយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយក្រុមមន្ត្រីយោធា និងមន្រ្តីបក្សកាន់អំណាចត្រូវបានដាក់ពង្រាយ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់។ កាសែតក្នុងស្រុករបស់កូរ៉េខាងជើង បានរាយការណ៍ថា ក្រុមមន្ត្រី ត្រូវបានបញ្ជាឲ្យអនុវត្តប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយគ្រប់ពេលវេលា និងរៀបចំផែនការដើម្បីជម្លៀសពលរដ្ឋ។

ដោយឡែក នៅតំបន់ខ្លះរបស់កូរ៉េខាងត្បូងឯណោះវិញ កម្រិតទឹកភ្លៀងបានឡើងដល់ ៤០០មីលីម៉ែត្រចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជាមួយនឹងល្បឿនខ្យល់អតិបរមា ១២៦គីឡូម៉ែត្រក្នុងមួយម៉ោង បណ្តាលឲ្យជន់លិចភូមិ សាលារៀន និងផ្លូវថ្នល់។ មនុស្សជិត ១៦,០០០នាក់ត្រូវបានជម្លៀសចេញ ប៉ុន្តែប្រហែល ៦០% នៃពួកគេបានត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) ខណៈជើងហោះហើរប្រហែល ៣៥០ និងផ្លូវរថភ្លើងចំនួន ៤៥០ ត្រូវបានលុបចោល។

គួរបញ្ជាក់ថា ជាមួយនឹងការខ្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធស្រាប់ និងកត្តាកាប់បំផ្លាញព្រៃឈើដែលធ្វើអោយហានិភ័យទឹកជំនន់កាន់តែធ្ងន់ធ្ងរ កូរ៉េខាងជើង ក៏ត្រូវទប់ទល់នឹងព្យុះបោកបក់ដែលអាចបង្កការខូចខាត និងបង្អាក់ដល់ផែនការសង្គ្រោះដំណាំ ថែមទៀត៕