(វ៉ាស៊ីនតោន)៖ មនុស្សដែលបានស្លាប់ដោយការធ្វើអត្តឃាត ឬសម្លាប់ខ្លួនឯង នៅក្នុងសហរដ្ឋអាមេរិកត្រូវបានវាយតម្លៃថាមានចំនួនលើស ៤៩,០០០នាក់ក្នុងឆ្នាំ២០២២ ឬកើនឡើង ២.៦ភាគរយ ធៀបទៅនឹងឆ្នាំ២០២១។ នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាលអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។

បើតាមមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) ពាក់កណ្ដាលនៃចំនួនអ្នកដែលបានធ្វើអត្តឃាតនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២២ គឺមានជាប់ពាក់ព័ន្ធនឹង កាំភ្លើង។ CDC អាមេរិកបានឱ្យដឹងទៀតថា ប្រជាជនអាមេរិក ៩នាក់ក្នុងចំណោម១០នាក់ក៏កំពុងប្រឈមមុខនឹងវិបត្តិសុខភាពផ្លូវចិត្តផងដែរ ដែលជាមូលហេតុចម្បងមួយ នៃការបញ្ចប់ជីវិតខ្លួនឯង។

គួរបញ្ជាក់ថា អត្រាអ្នកធ្វើអត្តឃាតនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២២ ត្រូវបានគេរាយការណ៍ថាមានចំនួន ១៤.៩នាក់ ក្នុងចំណោមប្រជាជន ១០០,០០០នាក់ ហើយនេះ ជាអត្រាខ្ពស់ជាង ៥ភាគរយធៀបទៅនឹងឆ្នាំ២០១៨ ដែលមានអត្រាអ្នកធ្វើអត្តឃាត ១៤.២នាក់ ក្នុងចំណោមប្រជាជន ១០០,០០០នាក់។ ចំណែក ចំនួនអ្នកធ្វើអត្តឃាត ក្នុងឆ្នាំ២០២១ មានចំនួន ៤៨,១៨៣នាក់ និង៤៩,៤៤៩នាក់ក្នុងឆ្នាំ២០២២៕