(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានអំពាវនាវឱ្យមានដំណោះស្រាយដោយ សន្តិវិធីមួយ ដើម្បីដោះស្រាយបញ្ហារដ្ឋប្រហារនៅក្នុងប្រទេសនីហ្សេ បន្ទាប់ពីប្លុកអាហ្រិ្វកខាងលិច ECOWAS ដាក់បញ្ជាឱ្យកងទ័ពប្រចាំការរបស់ខ្លួនត្រៀមលក្ខណៈសម្រាប់ លទ្ធភាពនៃការធ្វើអន្តរាគមន៍យោធា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Blinken បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកគាំទ្រដល់ការប្ដេជ្ញាចិត្តរបស់ ECOWAS ក្នុងការស្វែងរកគ្រប់ជម្រើសទាំងអស់ សម្រាប់ដំណោះស្រាយដោយសន្តិវិធី ក្នុងការដោះស្រាយវិបត្តិ»

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក Blinken កើតមានឡើង បន្ទាប់ពីក្រុមមេដឹកនាំប្លុកអាហ្រ្វិកខាងលិច ECOWAS បាននិយាយថាជម្រើសទាំងអស់ក្នុងនោះ រួមមានទាំងការប្រើប្រាស់កម្លាំងយោធា នៅតែស្ថិតនៅលើតុ ដើម្បីស្ដារសណ្ដាប់ធ្នាប់នៅក្នុងប្រទេសនីហ្សេ ក្រោយរដ្ឋប្រហារកាលពីថ្ងៃទី២៦ ខែកក្កដា ព្រមទាំងបានបញ្ជា ឱ្យកងកម្លាំងប្រចាំការរបស់ខ្លួនត្រៀមលក្ខណៈធ្វើសកម្មភាពផងដែរ។

ប្លុកអាហ្រ្វិកខាងលិច ECOWAS មានសមាជិកចំនួន ១៥ប្រទេស បានជួបប្រជុំគ្នាក្នុងរដ្ឋធានីអាប៊ូចា (Abuja) នៃប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាការចាត់វិធានការឆ្លើយតបទៅនឹងរដ្ឋប្រហារនៅក្នុងប្រទេសនីហ្សេ និងបន្ទាប់ពីមេដឹកនាំធ្វើរដ្ឋប្រហារទាត់ចោលការគំរាមធ្វើអន្តរាគមន៍យោធារបស់ពួកគេ សំដៅស្ដារប្រជាធិបតេយ្យឡើងវិញនៅនីហ្សេ៕