(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃសុក្រ ទី១១ ខែសីហានេះបានរាយការណ៍ថាអាជ្ញាធរចិនបានវែកមុខ «រនុកក្នុង» របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ជាជនជាតិចិនម្នាក់ដែលបានបម្រើការឱ្យឧស្សាកម្មយោធាមួយ និងបានទទួលប្រាក់ ព្រមទាំងការធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក ជាថ្នូរនឹងការផ្ដល់ ព័ត៌មានយោធារសើបៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ដោយផ្អែកលើសេចក្ដីថ្លែងការណ៍របស់ក្រសួងសន្តិសុខរដ្ឋបានគូសបញ្ជាក់ដូច្នេះថា «បន្ទាប់ពីការស៊ើបអង្កេតយ៉ាងហ្មត់ចត់ អាជ្ញាធរសន្តិសុខរដ្ឋទទួលបានភស្តុតាងពីសកម្មភាពរបស់បុរសម្នាក់ឈ្មោះជឹង (Zeng) ហើយអនុលោមទៅតាមច្បាប់ វិធានការដ៏តឹងរ៉ឹងមួយត្រូវបានដាក់ចេញប្រឆាំង នឹងជនរូបនេះដើម្បីទប់ស្កាត់គ្រោះថ្នាក់ឱ្យបានទាន់ពេលវេលា»។ ប៉ុន្តែ សេចក្ដីថ្លែងការណ៍នេះមិនបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែមអ្វីនោះទេ ដោយគ្រាន់តែឱ្យដឹងថា បុគ្គលឈ្មោះជឹង (Zeng) នេះបានផ្ដល់ព័ត៌មានរសើបៗពាក់ព័ន្ធនឹងយោធាចិន ជាថ្នូរលុយដ៏ច្រើនសន្ធឹកសន្ធាប់ និងការផ្ដល់ជំនួយសម្រាប់ខ្លួន និងគ្រួសារទៅរស់នៅ ក្នុងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍ខាងលើ បុរសឈ្មោះជឹង (Zeng) មានអាយុ ៥២ឆ្នាំ ត្រូវបានបញ្ជូនឱ្យទៅបន្តការសិក្សានៅប្រទេសអ៉ីតាលី ជាទីដែលលោក ត្រូវបានជ្រើសរើសជាទីភ្នាក់ងារ CIA ឈរជើងនៅក្នុងស្ថានទូតអាមេរិកប្រចាំទីក្រុងរ៉ូម មុននឹងត្រូវបញ្ជូនត្រឡប់មកកាន់ប្រទេសចិនវិញ ដើម្បីធ្វើសកម្មភាពស៊ើបការណ៍ សម្ងាត់៕