(យូអិន)៖ របាយការណ៍មួយរបស់អង្គការសហប្រជាជាតិ​ (UN) បានឱ្យដឹងថាកូរ៉េខាងជើង បាន និងកំពុងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងផលិតសម្ភារនុយក្លេអ៊ែរ ក្នុងឆ្នាំ២០២៣នេះ ព្រមទាំងកំពុងគេចពីទណ្ឌកម្ម UN ដែលមានគោលដៅកាត់ផ្ដាច់ហិរញ្ញវត្ថុកុំឱ្យទីក្រុងព្យុងយ៉ាងយកទៅចំណាយលើកម្មវិធីមីស៊ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Reuters​ ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើរបាយការណ៍មួយរបស់ UN ដែលខ្លួនបានមើលឃើញកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។ របាយការណ៍នេះដដែលដែលមិនត្រូវបានចេញផ្សាយជាសាធារណៈបានបញ្ជាក់ដូច្នេះថា «បន្ទាប់ពីការវាយប្រហារព័ត៌មានដើម្បីលួចលុយក្នុងកម្រិត បំបែកកំណត់ត្រាមួយក្នុងឆ្នាំ២០២២ ដែលត្រូវបានវាយតម្លៃថាមានទំហំ ១.៧ពាន់លានដុល្លារ ក្រុម Hackers កូរ៉េខាងជើងត្រូវបានរាយការណ៍ថានៅតែបន្តកំណត់ គោលដៅដោយជោគជ័យនៃការវាយប្រហារព័ត៌មានវិទ្យាលើរូបិយបណ្ណឌីជីថល (cryptocurrency) និងការផ្ដោះប្ដូរហិរញ្ញវត្ថុសកលដទៃទៀត»។

គួរបញ្ជាក់ថា របាយការណ៍ខាងលើត្រូវបានរៀបចំឡើងដោយក្រុមអ្នកតាមដានការអនុវត្តទណ្ឌកម្ម ផ្ញើទៅកាន់គណៈកម្មាធិការនៃក្រុមប្រឹក្សាសន្តិសុខ UN ។ ក្រុមតាម ដានឯករាជ្យនេះដែលរាយការណ៍ជូនក្រុមប្រឹក្សាសន្តិសុខ UN ២ដងក្នុងមួយឆ្នាំ ក៏ធ្លាប់បានចោទប្រកាន់ផងដែរថាកូរ៉េខាងជើងកំពុងប្រើប្រាស់ការវាយប្រហារ ព័ត៌មានវិទ្យាដើម្បីផ្គត់ផ្គង់ដល់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ តែកន្លងមក កូរ៉េខាងជើងតែងតែបដិសេធថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងក្រុម Hacker ឬការវាយប្រហារព័ត៌មានវិទ្យាណាមួយឡើយ៕