(ហាវ៉ៃ)៖ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ នៅលើកោះម៉ាវអ៉ី (Maui Island) នៃរដ្ឋហាវ៉ៃ បានកើនឡើងដល់ ៥៣នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈភ្លើងឆេះព្រៃ ដែលត្រូវបានជំរុញដោយខ្យល់បក់ បានឆេះរាលដាលខ្លាំងនិងបង្កការបំផ្លិចបំផ្លាញលើតំបន់មួយផ្នែកធំទីក្រុង ទីក្រុងរីសត Lahaina នៃកោះមួយនេះកំពុងស្ថិតនៅក្រោមការគ្រប់គ្រង ៨០ភាគរយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។
កោះម៉ាវអ៉ីដែលជាផ្នែកមួយនៃរដ្ឋហាវ៉ៃ បានទាក់ទាញចំណាប់អារម្មណ៍ដ៏ភ្ញាក់ផ្អើល បន្ទាប់ពីភ្លើងឆេះព្រៃធំៗចំនួន៣ បានឆាបឆេះកាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានកាត់ផ្ដាច់ផ្នែកខាងលិចនៃកោះនេះ និងទីក្រុងរីសត Lahaina ជាទីដែលហេដ្ឋារចនាសម្ព័ន្ធច្រើនជាង ២៧០ ត្រូវបានបំផ្លាញ ឬរងការខូចខាត។
បើតាមក្រុមអ្នកសង្រ្គោះបន្ទាន់ មនុស្សជាច្រើនបានរងការរលាកភ្លើង ថប់ដង្ហើមដោយសារផ្សែង និងជាច្រើននាក់ទៀតរងររបួស។ ចំណែក ប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះនៅតែបន្តធ្វើឡើងនៅឡើយ ខណៈមនុស្សរាប់ពាន់នាក់បានជម្លៀសខ្លួនទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្ន ឬចាកចេញពីកោះនេះតែម្ដង។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅលើកោះម៉ាវអ៉ី បានកើនឡើងពី១៧នាក់ ដល់៥៣នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយអាជ្ញាធរលើ កោះនេះក៏បានរាយការណ៍ដែរថាភ្លើងឆេះព្រៃ Lahaina កំពុងស្ថិតនៅក្រោមការគ្រប់គ្រង ៨០ភាគរយ រីឯភ្លើងឆេះព្រៃ Pulehu ដែលស្ថិតនៅចម្ងាយ ៣០គីឡូម៉ែត្រពីទីក្រុង Lahaina កំពុងស្ថិតនៅក្រោមការគ្រប់គ្រង៧០ភាគរយ។ ប៉ុន្តែមិនទាន់មានការវាយតម្លៃពីភ្លើងឆេះព្រៃទី៣ឈ្មោះ Upcountry នោះទេ៕