(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូងបានជម្លៀសមនុស្សជាង ១៤,០០០នាក់ និងបិទសាលារៀននៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ខណៈដែលព្យុះត្រូពិច Khanun បានបោកបក់មកដល់ឧបទ្វីបនេះនៅថ្ងៃព្រហស្បតិ៍ (១០ សីហា) បន្ទាប់ពីបានវាយលុកភាគខាងត្បូងប្រទេសជប៉ុនកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។
បន្ទាប់ពីបានប្រែក្លាយពីខ្យល់ព្យុះទីហ្វុង ទៅជាព្យុះត្រូពិច ព្យុះ Khanun បានបោកបក់នៅឆ្នេរសមុទ្រភាគអាគ្នេយ៍ ហើយបាននិងកំពុងបោកបក់រដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង។
ព្យុះត្រូពិច Khanun ក៏អាចវាយប្រហាររដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង នៅព្រឹកថ្ងៃសុក្រនេះដែរ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា យោធាត្រូវបានបញ្ជាឱ្យរៀបចំវិធានការកាត់បន្ថយទឹកជំនន់ និងជួយសង្គ្រោះដំណាំ។
ក្រសួងមហាផ្ទៃកូរ៉េខាងត្បូងបាននិយាយថា ជើងហោះហើរប្រហែល ៣៥០ជើង និងផ្លូវរថភ្លើងចំនួន ៤៥០ខ្សែត្រូវបានលុបចោល ហើយមនុស្សជាង ១៤,០០០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។
ក្រសួងបាននិយាយទៀតថា មនុស្សម្នាក់បានបាត់ខ្លួននៅក្នុងទីក្រុង Daegu ភាគអាគ្នេយ៍ បន្ទាប់ពីបានធ្លាក់ចូលទៅក្នុងទន្លេ ដោយបន្ថែមថាខ្លួនក៏កំពុងស៊ើបអង្កេតការស្លាប់របស់មនុស្សម្នាក់ទៀតនៅក្នុងទីក្រុងដូចគ្នាដែរ។
ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង បាននិយាយថា ព្យុះនេះបាននាំមកនូវការធ្លាក់ភ្លៀងក្នុងកម្រិតដល់ ៦០មីលីម៉ែត្រក្នុងមួយម៉ោង នៅតាមតំបន់លើបណ្តោយឆ្នេរភាគខាងកើត ហើយជាមួយល្បឿនខ្យល់បក់អតិបរមា ១២៦គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងទីក្រុងកំពង់ផែភាគអាគ្នេយ៍នៃទីក្រុងប៊ូសាន។
គួរបញ្ជាក់ថា ការមកដល់នៃព្យុះត្រូពិចខាងលើ គឺស្របពេលដែលកូរ៉េខាងត្បូងទើបតែបានឆ្លងកាត់ការធ្លាក់ភ្លៀងមូសុងខ្លាំងក្លា កាលពីខែកក្កដា ដែលបានមើលឃើញមនុស្សច្រើនជាង ៤០នាក់ស្លាប់ ដោយសារទឺកជំនន់និងគ្រោះបំណាក់ដី ក្នុងនោះ១៤នាក់ បានបាត់បង់ជីវិតនៅឯក្នុងផ្លូវរូងក្រោមដី ដែលត្រូវទឹកជន់លិច៕