(កៀវ)៖ កងទ័ពជើងទឹកអ៊ុយក្រែនបាននិយាយថា «ច្រករបៀងមនុស្សធម៌» បណ្តោះអាសន្នថ្មីមួយនៅក្នុងសមុទ្រខ្មៅ បានដំណើរការហើយនៅថ្ងៃព្រហស្បតិ៍នេះ ហើយនាវាដំបូងគេត្រូវបានគេរំពឹងថា នឹងប្រើប្រាស់វាក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។

លោក Oleh Chelik អ្នកនាំពាក្យកងទ័ពជើងទឹកអ៊ុយក្រែនបាននិយាយថា ច្រករបៀងនេះនឹងត្រូវប្រើប្រាស់សម្រាប់កប៉ាល់ពាណិជ្ជកម្ម ដែលជាប់គាំងនៅក្នុងកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ហើយប្រើប្រាស់សម្រាប់ដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្ម។

លោកបានបន្ថែមទៀតថា «ច្រករបៀងនេះនឹងមានតម្លាភាព ហើយយើងនឹងដាក់កាមេរ៉ានៅលើកប៉ាល់ ហើយនឹងមានការផ្សាយដែលបង្ហាញថា នេះគឺជាបេសកកម្មមនុស្សធម៌សុទ្ធសាធ និងមិនមានគោលបំណងយោធាទេ។

កងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ការគំរាមកំហែងដែលបង្កឡើងដោយគ្រាប់មីននៅក្នុងសមុទ្រខ្មៅ និងការគំរាមកំហែងផ្នែកយោធាពីប្រទេសរុស្ស៊ីនៅតែមាន៕