(វ៉ាសូវី)៖ រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក ម៉ារីអ៊ូស ប្លាសហ្សាក់ (Mariusz Blaszczak) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ប៉ូឡូញគ្រោងដាក់ពង្រាយកងទ័ពបន្ថែម សរុបរហូតដល់១០,០០០នាក់ ទៅកាន់តំបន់ព្រំប្រទល់ជាប់ជាមួយបេឡារុស ដើម្បីគាំទ្រកងកម្លាំងឆ្មាំព្រំដែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣។
ក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក ប្លាសហ្សាក់ បាននិយាយយ៉ាងដូច្នេះថា «កងទ័ពប្រហែល១០,០០០នាក់ នឹងមានវត្តមាននៅ ព្រំប្រទល់ជាប់បេឡារុស ហើយក្នុងចំណោមនោះ ៤,០០០នាក់នឹងគាំទ្រឆ្មាំព្រំដែនដោយផ្ទាល់ ខណៈ៦,០០០នាក់ នឹងស្ថិតក្នុងកម្លាំងបម្រុង»។
រដ្ឋមន្រ្តីការពារជាតិប៉ូឡូញរូបនេះ បានបន្ថែមថា «ពួកយើងផ្លាស់ទាហានទៅកាន់តែកៀកព្រំប្រទល់បេឡារុស ដើម្បីទប់ស្កាត់កុំឱ្យមានការវាយប្រហារឈ្លានពានមកលើយើង»។ កាលពីថ្ងៃពុធសប្តាហ៍នេះ ម៉ាជៃ វ៉ាស៉ិគ (Maciej Wasik) ដែលជាអនុរដ្ឋមន្រ្តីការពារជាតិរបស់ប៉ូឡូញ បាននិយាយថា ប៉ូឡូញកំពុងត្រៀមបញ្ជូនកងទ័ពបន្ថែម២,០០០នាក់ទៀត ទៅកាន់ព្រំប្រទល់ជាប់បេឡារុស។
គួរបញ្ជាក់ថា ប៉ូឡូញមានក្តីបារម្ភកាន់តែខ្លាំងឡើងៗ អំពីតំបន់ព្រំប្រទល់ភាគខាងកើតរបស់ខ្លួន ចាប់តាំងតែពីកងកម្លាំងដែលទើបឆ្លងកាត់សង្រ្គាមក្តៅៗរាប់រយនាក់ របស់ក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner ត្រូវបានផ្លាស់ទៅឈរជើងនៅប្រទេសបេឡារុស កាលពីខែកក្កដា ក្រោមការអញ្ជើញរបស់ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ។ ក្រុម Wagner ក៏បានជួយផ្តល់ការបណ្តុះបណ្តាលដល់កងទ័ពបេឡារុសផងដែរ ហើយការហ្វឹកហាត់ភាគច្រើន ត្រូវបានធ្វើឡើងនៅតំបន់ក្បែរព្រំប្រទល់ ជាមួយប៉ូឡូញថែមទៀតផង៕