(ប៉េកាំង)៖ ប៉ុន្មានឆ្នាំមុន លោកស្រី Janet Yellen ដែលជាប្រធានប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកពេលនោះធ្លាប់និយាយថា ក្នុងដំណើរជីវិតរបស់លោកស្រី ប្រហែលនឹងលែងឃើញវិបតិ្តវិស័យធនាគាររបស់អាមេរិកទៀតហើយ។ ប៉ុន្តែ ការព្យាករណ៍របស់លោកស្រីត្រូវបំបាក់ដោយការពិតជាក់ស្តែង ។ នៅថ្ងៃទី ៧ ខែសីហា តាមម៉ោងក្នុងតំបន់ ក្រុមហ៊ុន Moody’s ដែលជាស្ថាប័នវាយតម្លៃធំក្នុងចំណោមស្ថាប័នវាយតម្លៃអន្តរជាតិធំទាំងបី បានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់ធនាគារធុនតូច និងមធ្យមរបស់អាមេរិកចំនួន១០ ក្រៅពីនេះ ការរំពឹងទុកពីចំណាត់ថ្នាក់របស់ធនាគារចំនួន១១ទៀត ត្រូវគេវាយតម្លៃជាអវិជ្ជាមាន ។ ខណៈពេលដំណឹងនេះត្រូវចេញផ្សាយ តម្លៃមូលបត្ររបស់ធនាគារក្នុងបញ្ជីឈ្មោះទាំងនេះក៏បានធ្លាក់ចុះព្រមៗគ្នា រហូតដល់បានប៉ះពាល់ដល់ធនាគារធំៗផ្សេងទៀតផងដែរ ។

របាយការណ៍របស់ ក្រុមហ៊ុន Moody’s បានលើកឡើងថា វិស័យធនាគាររបស់អាមេរិកបាននិងកំពុងប្រឈមនឹង “កម្លាំងសម្ពាធជាច្រើន” ដូចជាកម្លាំងសម្ពាធខាងហិរញ្ញប្បទាន ត្រួតពិនិត្យនិងគ្រប់គ្រងមិនគ្រប់គ្រាន់ជាដើម ។ ក្នុងនោះ “បញ្ហាហិរញ្ញប្បទាន” គឺជាវិបតិ្តពាក់ព័ន្ធដល់ការស្លាប់រស់ ដែលធនាគាររបស់អាមេរិកជាច្រើនបាននិងកំពុងប្រឈម ។ ក្នុងឆមាសទីមួយឆ្នាំនេះ ធនាគាររបស់អាមេរិកជាច្រើនបានកើតមានវិបតិ្តដោយសារខ្វះសមត្ថភាពសងបំណុល និងទ្រព្យសកម្មរបស់ធនាគារតិចជាងប្រាក់បំណុល ។ ដូច្នេះ ស្ថាប័នត្រួតពិនិត្យនិងគ្រប់គ្រងរបស់អាមេរិក បានបង្ខំចិត្តបោះទុនយ៉ាងច្រើនសន្ធឹក ដើម្បីជួយធនាគារទាំងនេះ ។ នៅថ្ងៃទី៧ ខែសីហា តាមម៉ោងក្នុងតំបន់ កាសែត Financial Times របស់អង់គ្លេសបានចេញផ្សាយដំណឹងថា ធនាគារជាលក្ខណៈតំបន់របស់អាមេរិកបាន“រក្សាអាជីវកម្ម ដោយពឹងផ្អែកលើហិរញ្ញប្បទានរបស់ រដ្ឋាភិបាលចំនួនរាប់សែនលានដុល្លារអាមេរិក”។

ហេតុអ្វីបានជាធនាគាររបស់អាមេរិកមួយចំនួនរក្សាអាជីវកម្ម ដោយពឹងផ្អែកលើជំនួយយ៉ាងច្រើនបែបហ្នឹង ? នេះបានបង្ហាញឱ្យឃើញពីភាពទន់ខ្សោយ របស់វិស័យធនាគារអាមេរិក ។ តាំងពីចូលក្នុងឆ្នាំ២០២២មក ដើម្បីទប់ទល់នឹងអតិផរណា ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ បណ្តាលឱ្យទ្រព្យសម្បតិ្តរបស់ធនាគារដូចជាបំណុលអាមេរិក បានបន្ទាបតម្លៃ ដំណើរការរបស់ធនាគារក៏ប្រឈមនឹងកម្លាំងសម្ពាធយ៉ាងខ្លាំង ។ ទិន្នន័យបានបង្ហាញឱ្យឃើញថា គិតរហូតដល់ចុងឆ្នាំ២០២២ បរិមាណសរុបនៃការខាតបង់ ក្នុងបញ្ជីមូលបត្របំណុលរបស់ធនាគារអាមេរិក មានចំនួនប្រហែល៦២០ពាន់លានដុល្លារអាមេរិក។

ភាពទន់ខ្សោយរបស់វិស័យធនាគារអាមេរិកបែបនេះ ជាផលវិបាកដែលបណ្តាលមកពីគោលនយោបាយសេដ្ឋកិច្ចអាមេរិក ផ្លាស់ប្តូរដោយទាន់ហន់ និង “ការប្រថុយប្រថាន” ។ ក្នុងរយៈពេលជាយូរមកហើយ ដើម្បីអូសទាញអ្នកបោះឆ្នោត អ្នកនយោបាយអាមេរិកតែងតែពង្រីកការចំណាយ និងអនុវត្តគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុជាលក្ខណៈពង្រីក ។ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយសេដ្ឋកិច្ច របស់អឺរ៉ុបបានលើកឡើងថា វិបត្តិវិស័យធនាគាររបស់អាមេរិកមិនមែនជា ករណីមួយចំនួនតូចទេ វាគឺជាវិបតិ្តដែលមានលក្ខណៈជាប្រព័ន្ធ។

ព្រមពេលជាមួយគ្នានេះ បញ្ហាខាងត្រួតពិនិត្យនិងគ្រប់គ្រង បណ្តាលឱ្យហានិភ័យរបស់វិស័យធនាគារអាមេរិកមានសភាពកាន់តែធ្ងន់ធ្ងរ ។ ដោយរងឥទ្ធិពលពីផលប្រយោជន៍របស់បក្ខពួក និងការនិយាយបញ្ចុះបញ្ចូលពីធនាគារធុនតូចនិងមធ្យម បានជានៅឆ្នាំ ២០១៨ អាមេរិកបានដាក់ចេញសេចកី្តព្រាងច្បាប់មួយ ដើម្បីដំឡើងចំនួនទ្រព្យសម្បតិ្តសរុបរបស់ធនាគារជាលក្ខណៈតំបន់ ដែលត្រូវទទួលបាន“ត្រួតពិនិត្យឱ្យម៉ត់ចត់” ពោលគឺបានដំឡើងពី៥ម៉ឺនលានដុល្លារអាមេរិក ដល់២៥ម៉ឺនលានដុល្លារអាមេរិក ។ ប្រការនេះធ្វើឱ្យធនាគាររបស់អាមេរិកចំនួន២៥ លែងទទួលការត្រួតពិនិត្យយ៉ាងម៉ត់ចត់។ ប៉ុន្មានថ្ងៃមុន ក្រុមហ៊ុនFitchបានទម្លាក់ការវាយតម្លៃឥណទានចំពោះគ្រឹះស្ថានដាក់ចេញ រូបិយប័ណ្ណបរទេសក្នុងរយៈពេលយូរ នៃប្រទេសអាមេរិកពីAAAមកនៅត្រឹមAA+ នេះបានបង្ហាញពីការមិនពេញចិត្តចំពោះភាពជាប់គាំង នៃពិដានបំណុលនិងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុរបស់អាមេរិក ។

ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ស្ថាប័នវាយតម្លៃឥណទានអន្តរជាតិទាំងពីរបានទម្លាក់ការវាយតម្លៃឥណទានរបស់អាមេរិកជាបន្តបន្ទាប់ នេះមិនមែនជារឿងចៃដន្យទេ ។ សំខាន់ជាងទៀត គឺស្ថាប័នវាយតម្លៃអន្តរជាតិ “បើកភ្លើងក្រហម”ព្រមៗគ្នា ជាការព្រមានចំពោះភាពអសមត្ថភាពគ្រប់គ្រងលើវិស័យសេដ្ឋកិច្ចអាមេរិក ។ ចាប់ពី Fitch ដល់ក្រុមហ៊ុន Moody’s ការទម្លាក់ចំណាត់ថ្នាក់ពីរលើក បានបង្ហាញពីសញ្ញាយ៉ាងច្បាស់និងគ្រប់គ្រាន់ ។ ប៉ុន្តែបញ្ហាពិតប្រាកដគឺថា តើអ្នកកាន់អំណាចរបស់អាមេរិកអាចក្រេបជញ្ជក់យកមេរៀនដ៏ពិតប្រាកដនេះឬអត់?

អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន