(ប៉េកាំង)៖ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅល្ងាចថ្ងៃទី៩ខែសីហាថា តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ព្រមទាំងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទសចិន នឹងអញ្ជើញបំពេញទស្សនកិច្ចនៅសិង្ហបុរី ម៉ាឡេស៊ីនិងកម្ពុជាពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែសីហានេះ។
ពេលឆ្លើយតបសំណួររបស់អ្នកកាសែតក្នុងថ្ងៃដដែលនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា៖ ឆ្នាំ២០២៣នេះជាខួប១០ឆ្នាំដែលលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងពីគំនិតកសាងសហគមន៍រួមវាសនា របស់មនុស្សជាតិនិងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ប្រទេសអាស៊ានបាននិងកំពុងដើរតាមមាគ៌ាឈានមុខ ក្នុងការអនុវត្តគំនិតសហគមន៍រួមវាសនារបស់មនុស្សជាតិ ហើយជាដៃគូសំខាន់នៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”របស់ចិន។ បច្ចុប្បន្ន ចិននិងប្រទេសទាំងបី ពោលគឺសិង្ហបុរី ម៉ាឡេស៊ីនិងកម្ពុជា បានរក្សានិន្នាការអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរ។ ចិននិងសិង្ហបុរី បានបង្កើតទំនាក់ទំនងភាពជាដៃគូទស្សនវិស័យគ្រប់ជ្រុងជ្រោយដែលប្រកបដោយគុណភាពខ្ពស់ ។ ចិននិងម៉ាឡេស៊ីបានឯកភាពគ្នា អំពីការរួមគ្នាកសាងសហគមន៍រួមវាសនា ហើយនិងកម្ពុជាកំពុងសកម្មរួមគ្នាកសាងសហគមន៍រួមវាសនាចិន-កម្ពុជាក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងមានស្តង់ដាខ្ពស់។
អ្នកនាំពាក្យរូបនេះបានបន្តទៀតថា ភាគីចិនសង្ឈឹមថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ អាចបង្កើនការផ្លាស់ប្តូរខាងយុទ្ធសាស្ត្រជាមួយប្រទេសអាស៊ានទាំងបីនេះ អនុវត្តជាក់ស្តែងនូវការកំណត់ទិសដៅថ្មី នៃទំនាក់ទំនងរវាងចិននិងសិង្ហបុរី ជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងម៉ាឡេស៊ី រវាងចិននិងកម្ពុជា ឱ្យមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជាថែមទៀត បន្តជំរុញការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ ដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីដោយឥតឈប់ឈរ។ភាគីចិនក៏មានឆន្ទៈរួមជាមួយប្រទេសទាំងបីនេះ ដើម្បីជំរុញការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ គាំពារសន្តិភាពនិងស្ថិរភាព ពង្រីកការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា ក្នុងន័យរួមចំណែកកាន់តែធំដល់សន្តិភាព ស្ថិរភាព វឌ្ឍនភាពនិងវិបុលភាព ក្នុងតំបន់និងទូទាំងពិភពលោក៕