(តេហេរ៉ង់)៖ ក្រុមប្រដាប់អាវុធ អាល់ អាក់សា ម៉ាទីស ប្រ៊ីហ្កេដ (Al-Aqsa Martyrs Brigade) បានឲ្យដឹងថា កងកម្លាំងអ៉ីស្រាអែលបានសម្លាប់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនម្នាក់ នៅក្នុងការប៉ះទង្គិចគ្នានៅឯតំបន់វេសប៊ែង (West Bank) នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣។

យោធាអ៉ីស្រាអែល បានឲ្យដឹងថា អំឡុងពេលប្រតិបត្តិការនៅទីក្រុងណាប្លាស់ (Nablus) ស្ថិតនៅភាគខាងជើងតំបន់ West Bank ដែលជាកន្លែងមានការវាយឆ្មក់ជាញឹកញាប់នៃកងទ័ពរបស់ខ្លួន ក៏ដូចជាការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេល ១៥ខែកន្លងមកនោះ ជនសង្ស័យប៉ាឡេស្ទីនម្នាក់បានបាញ់ប្រហារមកលើកងទ័ពអ៉ីស្រាអែល ហើយកងទ័ពរបស់ខ្លួនក៏បានបាញ់តបតវិញចំគោលដៅ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានចេញមកបញ្ជាក់ថា បុរសម្នាក់ត្រូវបានសម្លាប់។ ដោយឡែក ក្រុម l-Aqsa Martyrs Brigade ដែលជាក្រុមប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយគណបក្សហ្វាតា (Fatah) របស់មេដឹកនាំប៉ាឡេស្ទីន លោក ម៉ាម៉ូត អាបាស់ (Mahmoud Abbas) ក៏បានអះអាងថា អ្នកប្រយុទ្ធរូបនោះគឺជាសមាជិកនៃក្រុមរបស់ខ្លួន។

គួរបញ្ជាក់ថា អំពើហិង្សាគឺកាន់តែអាក្រក់ទៅៗ ចាប់តាំងពីឆ្នាំ ២០២២ នៅតំបន់ West Bank ដែលជាទឹកដីត្រូវអ៉ីស្រាអែលដណ្តើមកាន់កាប់បាន ក្នុងសង្គ្រាមឆ្នាំ ១៩៦៧ និងជាទីដែលការគ្រប់គ្រងរបស់ក្រុមប៉ាឡេស្ទីន មានកម្រិតកំណត់។ កិច្ចចរចាសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងបង្កើតរដ្ឋប៉ាឡេស្ទីននៅតំបន់ West Bank ហ្កាហ្សា (Gaza) និងហ្សេរ៊ុយសាឡិមខាងកើត (East Jerusalem) ក្រោយជាប់គាំង តាំងតែពីក្នុងឆ្នាំ ២០១៤មក ហើយនៅមិនមានសញ្ញានៃការចាប់ផ្តើមឡើងវិញនោះទេ៕