(ហាវ៉ៃ)៖ អាជ្ញាធររដ្ឋហាវ៉ៃនៃសហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះ មនុស្សយ៉ាងហោចណាស់៣៦នាក់ បានបាត់បង់ជីវិត បន្ទាប់ពីភ្លើងឆេះព្រៃ ដែលត្រូវបានជំរុញដោយខ្យល់បក់ បានឆេះរាលដាលខ្លាំងនិងបង្កការបំផ្លិចបំផ្លាញលើតំបន់មួយផ្នែកធំ នៃទីក្រុងរីសត Lahaina លើកោះម៉ាវអ៉ី (Maui Island)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣។
សហគមន៍ជាច្រើន បានរងការឆាបឆេះសឹងអស់គ្មានសល់ ខណៈផ្នែកភាគខាងលិចនៃកោះ Maui ស្ទើរតែត្រូវបានកាត់ផ្តាច់ទាំងស្រុង ដោយនៅសល់តែផ្លូវហាយវ៉េមួយប៉ុណ្ណោះ ស្របពេលដែលមនុស្សរាប់ពាន់នាក់ទៀត ត្រូវការការជម្លៀសខ្លួន។ គិតត្រឹមយប់ថ្ងៃពុធ អ្នកដំណើរសរុបជាង១១,០០០នាក់ ត្រូវបានជម្លៀសចេញពីកោះ Maui។ ខណៈផ្លូវជាច្រើន ត្រូវបានបិទក៏ដោយ ព្រលានយន្តហោះ Maui នៅអាចបន្តធ្វើប្រតិបត្តិការពេញលេញបានដដែល។ យ៉ាងណាក្តី មនុស្សមួយចំនួន ត្រូវបង្ខំឱ្យលោតចូលក្នុងមហាសមុទ្រប៉ាស៉ីហ្វិក ដើម្បីគេចពីផ្សែងនិងភ្លើង ជាហេតុនាំឱ្យឆ្មាំសមុទ្រអាមេរិកត្រូវជួយសង្រ្គោះពួកគេចេញពីទឹក។
គួរបញ្ជាក់ថា ស្ថានការណ៍នៅរដ្ឋ Hawaii គឺស្រដៀងគ្នាទៅនឹងកន្លែងដទៃទៀតដែរ នៅជុំវិញពិភពលោក អំលុងរដូវក្តៅឆ្នាំនេះ ស្របពេលដែលភ្លើងឆេះព្រៃបង្កឡើងដោយ សីតុណ្ហភាពខ្ពស់បំបែកកំណត់ត្រា បានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់សិបម៉ឺននាក់ នៅតាមប្រទេសដូចជា អេស៉្បាញ ក្រិក ព័រទុយហ្កាល់ និងផ្នែកដទៃៗទៀតនៃទ្វីបអឺរ៉ុប ហើយតំបន់ភាគខាងលិចនៃប្រទេសកាណាដា បានមើលឃើញភ្លើងឆេះព្រៃខ្លាំងធ្ងន់ធ្ងរជាងធម្មតា៕