(គីតូ)៖ លោក ហ្វឺណានដូ វីឡាវីសិនស៉ីអូ (Fernando Villavicencio) ដែលជាបេក្ខជនប្រធានាធិបតីមួយរូបនៅប្រទេសអេក្វាទ័រ ត្រូវបានគេធ្វើឃាតនៅឯ ព្រឹត្តិការណ៍ឃោសនារកសំឡេងឆ្នោត កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈរូបលោកគឺជាអ្នករិះគន់លេចធ្លោម្នាក់ ចំពោះអំពើពុករលួយនិងឧក្រិដ្ឋកម្មជាប្រព័ន្ធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ស្នូរកាំភ្លើងប្រហែលជា៣០គ្រាប់ ត្រូវបានបាញ់អំលុងព្រឹត្តិការណ៍ជួបជុំក្រុមអ្នកគាំទ្ររបស់ លោក វីឡាវីសិនស៉ីអូ នៅភាគខាងជើងរដ្ឋធានីគីតូ (Quito)។ ប៉ូលិសនិងក្រសួងមហាផ្ទៃនៃប្រទេសអេក្វាទ័រ មិនបានផ្តល់ការអត្ថាធិប្បាយលម្អិតជុំវិញករណីឃាតកម្មនេះឡើយ ប៉ុន្តែប្រធានាធិបតីអេក្វាទ័រលោក ហ្គូឡឺម៉ូ ឡាស្សូ (Guillermo Lasso) បានចេញមុខថ្កោលទោសវាថា ជាបទឧក្រិដ្ឋនយោបាយមួយ ដែលទំនងជាការប៉ុនប៉ងបំផ្លាញដំណើរការបោះឆ្នោត។
លោក ឡាស្សូ បានប្រកាសឱ្យមានការកាន់ទុក្ខរយៈពេល៣ថ្ងៃ នៅទូទាំងប្រទេសអាមេរិកខាងត្បូងមួយនេះ ព្រមទាំងបានដាក់ប្រទេសក្នុងគ្រាអាសន្នផងដែរ ក៏ប៉ុន្តែលោកបានអះអាងថា យោធានឹងចល័តកងកម្លាំងដើម្បីធានាសន្តិសុខ ហើយការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នឹងប្រព្រឹត្តទៅតាមការគ្រោងទុកដដែល នាថ្ងៃទី២០ ខែសីហា។ ដោយឡែក បើតាមការិយាល័យអគ្គរដ្ឋអាជ្ញាអេក្វាទ័រ មកទល់ពេលនេះ ជនសង្ស័យ៦នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងអំពើឃាតកម្មខាងលើ។
គួរបញ្ជាក់ថា រដ្ឋាភិបាលលោក ឡាស្សូ បានបន្ទោសការកើនឡើងនៃអំពើហិង្សា នៅតាមដងផ្លូវក៏ដូចជាតាមពន្ធនាគារក្នុងប្រទេស ទៅលើទំនាស់រវាងក្រុមឧក្រិដ្ឋជន ដែលព្យាយាមដណ្តើមគ្នាគ្រប់គ្រងច្រកផ្លូវ ដែលប្រើប្រាស់ដោយក្រុមឧក្រិដ្ឋជនម៉ិកស៉ិកនិងអាល់បានី ព្រមទាំងក្រុមដទៃៗទៀត ដើម្បីធ្វើចរាចរណ៍គ្រឿងញៀន។ លោក វីឡាវីសិនស៉ីអូ ធ្លាប់បានសន្យាថា នឹងបោសសំអាតអំពើពុករលួយ ហើយកាត់បន្ថយការគេចពន្ធ ប្រសិនបើជាប់ឆ្នោត។ ទោះជាបែបនេះក្តី យោងតាមការស្ទង់មតិកន្លងមកនេះ លោកទទួលបានសំឡេងគាំទ្រត្រឹម៧.៥% ប៉ុណ្ណោះ ពោលគឺស្ថិតនៅចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមបេក្ខជន៨រូប៕