(ស៉ីដនី)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ ឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអូស្រ្តាលី នឹងរួមគ្នាប្រារព្ធសមយុទ្ធយោធាជើង Malabar នៅក្បែរ​ឆ្នេរនៃទីក្រុងស៉ីដនី ខណៈវាគឺជាលើកដំបូងហើយ ដែលសមយុទ្ធយោធានេះត្រូវធ្វើឡើងនៅអូស្រ្តាលី ដ្បិតពីមុនមកវាធ្លាប់ប្រារព្ធឡើងជាចម្បងតែនៅ​មហាសមុទ្រឥណ្ឌាប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣។

លោក ខាល ថូម៉ាស់ (Karl Thomas) ដែលជាអគ្គបញ្ជាការនៃកងនាវាទី៧របស់យោធាជើងទឹកអាមេរិក បាននិយាយនៅទីក្រុងស៉ីដនីថា សមយុទ្ធយោធារួមខាងលើ មិនមានគោលដៅចង់បង្វែរទៅរកប្រទេសណាមួយឡើយ ហើយវានឹងជួយធ្វើឱ្យ​ប្រសើរឡើង នូវសមត្ថភាពរបស់​កងកម្លាំងយោធាជើងទឹកនៃប្រទេសទាំង៤ ក្នុងការធ្វើការងារជាមួយគ្នា។ ឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអូស្រ្តាលី ស្ថិតក្នុងសម្ព័ន្ធភាពមួយហៅថា Quad ដែលត្រូវបានចិនរិះគន់ថា ជាសម្ព័ន្ធភាព មានចេតនាប៉ុនប៉ងបិទខ្ទប់ឥទ្ធិពលរបស់ខ្លួន នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។

គួរបញ្ជាក់ថា ការដែលសមយុទ្ធយោធា Malabar ត្រូវប្រារព្ធឡើងនៅក្បែរប្រទេសអូស្រ្តាលីបែបនេះ គឺដោយសារតែក្រុមនាវាចម្បាំងភាគច្រើន របស់​ប្រទេសទាំង៤ ស្ថិតនៅក្បែរនោះស្រាប់ ក្រោយព្រឹត្តិការណ៍សមយុទ្ធយោធាទ្រង់ទ្រាយធំ Talisman Sabre ដែលមានការចូលរួមដោយ​ប្រទេសសរុបចំនួន១៣ និងបានបិទបញ្ចប់ កាលពីសប្តាហ៍មុន៕