(សេអ៊ូល)៖ ព្យុះទីហ្វុង ខានូន (Khanun) បានធ្វើដំណើរទៅដល់ឆ្នេរភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីវាបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង នៅភាគខាងត្បូងប្រទេសជប៉ុន អំលុងមួយសប្តាហ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣។

អាជ្ញាធរកូរ៉េខាងត្បូងបានចេញសារព្រមានឱ្យប្រុងប្រយ័ត្ន នៅទូទាំងប្រទេស ខណៈជើងហោះហើរច្រើនជាង៣៣០ជើង ត្រូវបានលុបចោល និងមនុស្សជាង១០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព។ ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង បាននិយាយថា ព្យុះទីហ្វុង Khanun បាននាំមកនូវការធ្លាក់ភ្លៀងក្នុងកម្រិតដល់ ៦០មីលីម៉ែត្រក្នុងមួយម៉ោង នៅតាមតំបន់លើបណ្តោយឆ្នេរភាគខាងកើត ហើយជាមួយល្បឿនខ្យល់​បក់អតិបរមា ៩០គីឡូម៉ែត្រក្នុងមួយម៉ោង នៅខេត្តឃ្យឹង​សាង (Gyeongsang) និងកោះចេជូ (Jeju)។

ការមកដល់នៃព្យុះទីហ្វុងខាងលើ គឺស្របពេលដែលកូរ៉េខាងត្បូងទើបតែបានឆ្លងកាត់ការធ្លាក់ភ្លៀងមូសុងខ្លាំងក្លា កាលពីខែកក្កដា ដែលបានមើល​ឃើញមនុស្សច្រើនជាង ៤០នាក់ស្លាប់ ដោយសារទឺកជំនន់និងគ្រោះបំណាក់ដី ក្នុងនោះ១៤នាក់ បានបាត់បង់ជីវិតនៅឯក្នុងផ្លូវរូងក្រោមដី ដែលត្រូវទឹកជន់លិច។ ទន្ទឹមគ្នានេះ កូរ៉េខាងជើង ក៏កំពុងត្រៀមខ្លួនសម្រាប់ព្យុះ Khanun ផងដែរ ដែលនឹងត្រូវបោកបក់ឆ្លងកាត់ទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា បន្ទាប់ពីព្យុះទីហ្វុង Khanun ឥឡូវនេះ ការយកចិត្តទុកដាក់កំពុងតែផ្តោតទៅលើ ព្យុះទីហ្វុងមួយទៀត មានឈ្មោះថា Lan ដែលកំពុងស្ថិតនៅភាគខាងលិចមហាសមុទ្រប៉ាស៉ីហ្វិក៕