(ប៉េកាំង)៖ ទឹកជំនន់ភ្លាមៗហូរចុះពីលើភ្នំមួយ នៅឯភាគពាយព្យប្រទេសចិនបានសម្លាប់មនុស្ស ៣នាក់ក្នុងចំណោម ៧នាក់នៅពេលព្យាយាមរត់ចេញ កាលយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍នេះ នាំចំនួនអ្នកស្លាប់និងរបួស ដោយសារតែអាកាសធាតុប្រែប្រួលកាន់តែកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា មនុស្សទាំង ៧នាក់នេះ បានព្យាយាមស្វែងរកទីទួលសុវត្ថិភាពនៅតំបន់ភ្នំមួយនៃខេត្តកាន់ស៊ូ (Gansu) បន្ទាប់ពីទទួលបានការព្រមានអំពីព្យុះ ប៉ុន្តែទឹកជំនន់ភ្លាមៗបានបង្អាក់ផ្លូវពួកគេនៅពាក់កណ្តាលអធ្រាត្រ ហើយសម្លាប់ពួកគេ ៣នាក់ ខណៈ ២នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។ នៅមួយថ្ងៃមុននេះ នៅឯខេត្តស៊ីឈួន ភាគនិរតី អ្នកទេសចរ ៧នាក់ ក៏ត្រូវទឹកហូរចេញពីទំនប់ទឹកបោកលើក្រុមរបស់ពួកគេ បណ្តាលឲ្យស្លាប់ផងដែរ។

គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ក្នុងរដ្ឋធានីប៉េកាំង បានកើនឡើងបីដងដល់ ៣៣នាក់ បន្ទាប់ពីព្យុះទីហ្វុងដុកស៊ូរី (Doksuri) បង្កការជន់លិចតាមតំបន់មួយចំនួន ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានសម្រាប់រយៈពេល ១៤០ឆ្នាំ ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម។

គួរបញ្ជាក់ថា ចាប់តាំងពីខែកក្កដាមក ព្យុះទីហ្វុងដែលចូលមកពីតំបន់ប៉ាស៊ីហ្វិកខាងលិច បាននាំមកនូវទឹកជំនន់ដល់ទីក្រុងនានា រាប់ចាប់ពីទីក្រុងសៀមិន (Xiamen) នៅភាគខាងត្បូងទៅកាន់ទីក្រុងប៉េកាំងដែលនៅភាគខាងជើង បណ្តាលឲ្យអ្នកស្លាប់ទាក់ទងនឹងអាកាសធាតុកើនឡើង៕