(ស៉ីដនី)៖ ការិយាល័យនាយករដ្ឋមន្រ្តីអូស្រ្តាលី បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា លោក អាន់ថូនី អាល់បានីស (Anthony Albanese) នឹងទៅកាន់សហរដ្ឋអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង ចាប់តាំងពីឡើងកាន់តំណែងកាលពីចុងខែតុលា ឆ្នាំ២០២២មក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣។
មេដឹកនាំទំាងពីរ គ្រោងពិភាក្សាគ្នាអំពីកិច្ចការមួយចំនួន ដែលរួមមានកិច្ចព្រមព្រៀងសន្តិសុខ AUKUS កត្តាប្រែប្រួលអាកាសធាតុ និងសារធាតុរ៉ែសំខាន់ៗ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា។ លោក អាល់បានីស បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា «ដំណើរទស្សនកិច្ច របស់ខ្ញុំ គឺជាឱកាសដ៏សំខាន់មួយដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរអាកាសធាតុ ថាមពលស្អាត និងគោលដៅរួមនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដ៏រឹងមាំមានសុវត្ថិភាព និងវិបុលភាព»។
នៅថ្ងៃពុធសប្តាហ៍នេះ សេតវិមាន ក៏បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែរថា ដំណើរទស្សនកិច្ចនេះ នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក-អូស្រ្តាលី ចំពោះ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកបើកចំហ ស្ថិរភាព និងវិបុលភាព។
គួរបញ្ជាក់ថា ផែនការនៃដំណើរទស្សនកិច្ចរបស់ លោក អាល់បានីស កើតមានឡើងចំពេលដែលមានការព្រួយបារម្ភទៅវិញទៅមក អំពីការកើនឡើងនូវឥទ្ធិលរបស់ចិន ដែល កំពុងជំរុញសហរដ្ឋអាមេរិក និងអូស្ត្រាលីខិតកាន់តែជិតគ្នា ជាពិសេសកិច្ចព្រមព្រៀង AUKUS ដែលអូស្ត្រាលីទើបនឹងចុះហត្ថលេខាដើម្បីទិញនាវាមុជទឹកដើរដោយថមពល នុយក្លេអ៊ែរពីសហរដ្ឋអាមេរិក និងរួមចំណែកពង្រីកកន្លែងផលិតកប៉ាល់របស់អាមេរិកក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ៕