(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហានេះបាននិយាយថាខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូន១១គ្រឿងរបស់អ៊ុយក្រែន នៅក្បែរតំបន់ គ្រីមៀកាលពីយប់ថ្ងៃពុធម្សិលមិញ រួមទាំងយន្ដហោះដ្រូន២គ្រឿងទៀតដែលហោះតម្រង់ទៅកាន់ទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍បង្ហោះលើ Telegram ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «យន្ដហោះគ្មានមនុស្សបើក (ដ្រូន) ២គ្រឿងដែលហោះតម្រង់ ឆ្ពោះទៅកាន់ទីក្រុងមូស្គូត្រូវបានកម្ទេច»។ សេចក្ដីថ្លែងការណ៍នេះដដែលក៏ឱ្យបានដឹងដែរថាយន្ដហោះដ្រូន ២គ្រឿងផ្សេងទៀតត្រូវបានបាញ់ទម្លាក់នៅក្បែរទីក្រុង Sevastopol នៃតំបន់ឆ្នេរគ្រីមៀ និងយន្ដហោះដ្រូន ៩គ្រឿងបន្ថែម ត្រូវបានបាញ់ទម្លាក់នៅឯសមុទ្រខ្មៅ។ ក្រសួងការពារជាតិរុស្ស៉ីមិនបានបញ្ជាក់ពីការខូចខាត ឬក៏ជនរងគ្រោះណាម្នាក់នោះទេ។

គួរបញ្ជាក់ថា ការវាយប្រហារដោយយន្ដហោះដ្រូនខាងលើ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៉ីបានអះអាងថាពីការបាញ់ទម្លាក់យន្ដហោះដ្រូនប្រយុទ្ធ ២គ្រឿងរបស់អ៊ុយក្រែន ដែលហោះតម្រង់ឆ្ពោះទៅកាន់ទីក្រុងមូស្គូ៕