(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាន​ឱ្យដឹងថាអាល្លឺម៉ង់ និងអ៊ុយក្រែន បានឈានដល់ការឯកភាពគ្នាលើការផ្គត់ផ្គង់បន្ថែមនូវប្រព័ន្ធ មីស៊ីលការពារដែនអាកាស Patriot សម្រាប់ទីក្រុងកៀវ នៅចំពោះមុខការបង្កើនការវាយប្រហារតាមផ្លូវអាកាសពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោក នៅថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះប្រធានាធិបតីអ៊ុយក្រែន រូបនេះបានគូសបញ្ជាក់ដូច្នេះថា «ថ្ងៃនេះមានព័ត៌មានល្អពីអាល្លឺម៉ង់... ជាការពិតណាស់ យើងបានឯកភាពគ្នាជាមួយ (អធិការបតីអាល្លឺម៉ង់) លោក អូឡាហ្វ សូលស៍ (Olaf Scholz) លើការផ្គត់ផ្គង់ប្រព័ន្ធ Patriot បន្ថែម។ អរគុណខ្លាំងណាស់ លោក អូឡាហ្វ ពីព្រោះនេះជារឿងចាំបាច់បំផុតដើម្បីការពារប្រជាជនរបស់យើងប្រឆាំង នឹងភេរវកររុស្ស៉ី»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធនោះដែរ ពោលមុននឹងការប្រកាសរបស់លោក ហ្សេលេនស្គី ខាងភាគីអាល្លឺម៉ង់ក៏បានប្រកាសផងដែរពីការសម្រេចចិត្តបញ្ជូនប្រព័ន្ធ មីស៊ីល Patriot ចំនួន ២គ្រឿងទៅឱ្យអ៊ុយក្រែន៕