(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថាលោក គីម ជុងអ៊ុន បានដកតំណែងឧត្តមសេនីយ៍កំពូលម្នាក់ របស់កូរ៉េខាងជើង និងអំពាវនាវឱ្យពង្រឹងការត្រៀមលក្ខណៈសម្រាប់សង្រ្គាម ក្នុងនោះរួមមានទាំងការបង្កើនការផលិតអាវុធ រួមទាំងការធ្វើសមយុទ្ធ យោធាកាន់តែច្រើន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣។

ការដកតំណែងឧត្តមសេនីយ៍កំពូលម្នាក់ខាងលើត្រូវបានធ្វើឡើងនៅឯកិច្ចប្រជុំមួយនៃគណៈកម្មការយោធាមជ្ឈិម កាលពីថ្ងៃពុធសប្ដាហ៍នេះ ពោល តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក គីម ជុងអ៊ុន ចុះធ្វើអធិការកិច្ចទៅកាន់រោងចក្រផលិតអាវុធធំៗរបស់កូរ៉េខាងជើង។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅក្នុងកិច្ចប្រជុំនោះ លោក គីម ជុងអ៊ុន បានដកតំណែងប្រមុខអគ្គសេនាធិការ លោក ផាក ស៊ូ អ៊ីល (Pak Su Il) និងតែងតាំងលោក រី យ៉ុង ហ្គីល (Ri Yong Gil) ជាប្រមុខអគ្គសេនាធិការថ្មី។ ប៉ុន្តែ KCNA មិនបានបញ្ជាក់ពីហេតុផលនៃការផ្លាស់ប្ដូរ តួនាទីនេះទេ ដោយគ្រាន់តែឱ្យដឹងថាលោក គីម បានអំពាវនាវឱ្យពង្រឹងការត្រៀមលក្ខណៈសម្រាប់សង្រ្គាម ក្នុងនោះរួមមានទាំងការបង្កើន ការផលិតអាវុធ រួមទាំងការធ្វើសមយុទ្ធយោធាកាន់តែច្រើន។

គួរបញ្ជាក់ថា លោក ផាក ស៊ូ អ៊ីល (Pak Su Il) ទើបតែកាន់តំណែងជាប្រមុខអគ្គសេនាធិការកងទ័ពកូរ៉េខាងជើង បានត្រឹមរយៈពេល ៧ខែប៉ុណ្ណោះ រីឯលោក រី យ៉ុង ហ្គីល ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ និងជាមេបញ្ជាការកំពូលកងទ័ពកូរ៉េខាងជើង៕