(តូក្យូ)៖ ទីក្រុងណាហ្គាសាគី នៅថ្ងៃពុធ​ ទី០៩ សីហានេះ បានប្រារព្ធខួបលើកទី ៧៨ឆ្នាំនៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកលើទីក្រុងមួយនេះ ដោយអភិបាលក្រុងបានជំរុញឱ្យមហាអំណាចពិភពលោកលុបចោលអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។

នាឱកាសនោះ លោក Shiro Suzuki ដែលជាក្រុងណាហ្គាសាគីបានលើកឡើងផងដែរថា យុទ្ធសាស្ត្រទប់ស្កាត់អាវុធនុយក្លេអ៊ែរ ដោយបង្កើនការកាន់កាប់អាវុធនុយក្លែរនោះ ក៏បង្កើនហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរផងដែរ។

លោក Suzuki បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីក្រុមប្រទេសមហាអំណាចផ្នែកឧស្សាហកម្មទាំងប្រាំពីរ ដែលហៅកាត់ថា G7 បានអនុម័តឯកសារដាច់ដោយឡែកមួយ ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរកាលពីខែឧសភា ដែលបានអំពាវនាវឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីជាយុទ្ធសាស្ត្ររារាំងអាវុធនុយក្លេអ៊ែរ។

លោកបាននិយាយនៅក្នុងសេចក្តីប្រកាសសន្តិភាពដូច្នេះថា «ឥឡូវនេះគឺជាពេលវេលាដើម្បីបង្ហាញភាពក្លាហាន និងធ្វើការសម្រេចចិត្តដើម្បីផ្តាច់ចេញពីការពឹងផ្អែក លើការទប់ស្កាត់នុយក្លេអ៊ែ ដោយប្រើអាវុធនុយក្លេអ៊ែរ»។

អភិបាលក្រុងណាហ្គាសាគីរូបនេះបាននិយាយទៀតថា ការគំរាមកំហែងនុយក្លេអ៊ែររបស់រុស្ស៊ី បានជំរុញឱ្យប្រទេសនុយក្លេអ៊ែរផ្សេងទៀត ពន្លឿនការពឹងផ្អែកលើអាវុធនុយក្លេអ៊ែរ ឬបង្កើនសមត្ថភាពរបស់អាវុធប្រល័យលោកនេះ ប៉ុន្តែលោកបានក្រើនរំលឹកថា រុស្ស៊ីមិនមែនជាប្រទេសតែមួយគត់ ដែលតំណាងឱ្យហានិភ័យនៃការរារាំងនុយក្លេអ៊ែរនោះទេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូដំបូងបង្អស់របស់ពិភពលោក ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅថ្ងៃទី០៦​ ខែសីហា ឆ្នាំ១៩៤៥ ដោយបានបំផ្លាញទីក្រុង និងសម្លាប់មនុស្ស ១៤០,០០០នាក់។ ការ​វាយ​ប្រហារ​លើក​ទី​ពីរ​បី​ថ្ងៃ​ក្រោយ​មក​លើ​ក្រុង​ណាហ្គាសាគី ​បាន​សម្លាប់​មនុស្ស​ចំនួន ៧០,០០០នាក់​ទៀត។ ជប៉ុន​បាន​ចុះចាញ់សង្គ្រាម​នៅ​ថ្ងៃ​ទី​១៥ សីហា ជា​ថ្ងៃ​ទី​បញ្ចប់​នៃសង្គ្រាម​ពិភពលោកលើកទី២៕