(រ៉ូម)៖ ទីភ្នាក់ងារសារព័ត៌មាន ANSA បានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះ ដោយដកស្រង់គណនីរបស់អ្នករស់រានមានជីវិតដែលទើបតែមកដល់កោះ Lampedusa របស់អ៊ីតាលីថា ជនចំណាកស្រុកចំនួន ៤១ នាក់បានស្លាប់ នៅក្នុងការលិចកប៉ាល់កាលពីសប្តាហ៍មុន នៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៩​ ខែសីហា ឆ្នាំ២០២៣។

ទីភ្នាក់ងារ ANSA បាននិយាយថា មនុស្ស ០៤នាក់ដែលបានរួចរស់ជីវិត ពីការលិចកប៉ាល់បានប្រាប់អ្នកជួយសង្គ្រោះថា ពួកគេនៅលើទូកដែលផ្ទុកមនុស្ស ៤៥នាក់ ក្នុងនោះមានកុមារបីនាក់ផងដែរ។

អ្នកនៅរស់រានមានជីវិតទាំងនោះបានឱ្យដឹងថា ទូកដែលគេជិះបានចេញដំណើរកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ ចេញពីទីក្រុង Sfax ប្រទេសទុយនីស៊ី ប៉ុន្តែបានក្រឡាប់ហើយលិចនៅប៉ុន្មានម៉ោងក្រោយមក។

ពួកគេបាននិយាយទៀតថា ពួកគេត្រូវបានជួយសង្គ្រោះដោយកប៉ាល់ដឹកទំនិញមួយ ហើយបន្ទាប់មកបានផ្ទេរទៅកាន់កប៉ាល់ឆ្មាំឆ្នេរសមុទ្រអ៊ីតាលី។

គួរបញ្ជាក់ថា អាជ្ញាធរទុយនីស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានរកឃើញសាកសពចំនួន ១១នាក់ ពីការលិចកប៉ាល់ដឹកជនចំណាកស្រុកមួយនៅជិតទីក្រុង Sfax កាលពីថ្ងៃអាទិត្យ ខណៈជនចំណាកស្រុកចំនួន ៤៤នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួននៅឡើយ។

ប្រទេសអ៊ីតាលីបានទទួលជនចំណាកស្រុកដែលមកដល់តាមសមុទ្រ ប្រហែល ៩៣,៧០០នាក់ រហូតមកដល់ពេលនេះ ធៀបនឹង ៤៤,៧០០នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងមហាផ្ទៃ ដែលបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃចន្ទសប្តាហ៍នេះ៕