(ប៉េកាំង)៖ ថ្ងៃទី ៨ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបនឹងសេចក្តីថ្លែងការណ៍អំពីបញ្ហាថ្មប៉ប្រះទឹកRen’aiនៃក្រសួងការបរទេសហ្វីលីពីន។

អ្នកនាំពាក្យបានថ្លែងថា ក្រសួងការបរទេសចិនបានលើកឡើង ការតវ៉ាដ៏ម៉ឺងម៉ាត់ចំពោះភាគីហ្វីលីពីនរួចហើយ អ្នកនាំពាក្យបានគូសបញ្ជាក់ថា ថ្មប៉ប្រះទឹកRen’aiជាចំណែកមួយនៃប្រជុំកោះNansha របស់ប្រទេសចិនតាំងពីដើមរហូតមក។ ភាគីហ្វីលីពីនបានសន្យាយ៉ាងច្បាស់លាស់ជាច្រើនលើកច្រើនសាថា នឹងអូសនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់ នៅថ្មប៉ប្រះទឹកRen’ai ចេញ ក៏ប៉ុន្តែ រយៈពេល ២៤ឆ្នាំបានកន្លងផុតទៅហើយ ហ្វីលីពីនមិនត្រឹមតែមិនអូសនាវានោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ុនបង់ជួសជុលនិងពង្រឹងដោយទ្រង់ទ្រាយធំ ដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍ចំពោះថ្មប៉ប្រះទឹកRen’ai របស់ប្រទេសចិនទៀតផង។ ទង្វើរបស់ភាគីហ្វីលីពីនបានលើ្មសយ៉ាងធ្ងន់ធ្ងរ ចំពោះច្បាប់អន្តរជាតិ ក៏ដូចជា «សេចក្តីប្រកាសប្រតិបត្តិបណ្តាភាគីសមុទ្រចិនខាងត្បូង» ដែលប្រទេសចិននិងបណ្តាប្រទេសអាស៊ានបានចុះហត្ថលេខា។ ភាគីចិនសូមដាស់តឿនភាគីហ្វីលីពីនម្តងទៀត ឱ្យអូសនាវាចម្បាំងដែលទុកចោលនៅថ្មប៉ប្រះទឹកRen’ai ចេញភ្លាម ដើម្បីវិលទៅរកសភាពដែលគ្មានមនុស្សនិងសម្ភារៈ នៅលើថ្មប៉ប្រះទឹកRen’ai ឡើងវិញ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា អ្វីដែលហៅថាសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង គឺជាទង្វើល្មើសនឹងច្បាប់អន្តរជាតិ ដែលក្នុងនោះបូករួមទាំង​ «អនុសញ្ញាច្បាប់មហាសមុទ្រនៃអង្គការសហប្រជាជតិ» ផងដែរ ពោលគឺខុសច្បាប់និងគ្មានប្រសិទ្ធភាព។ ប្រទេសចិនមិនទទួលយកហើយក៏មិនទទួលស្គាល់ចំពោះការកាត់ក្តីនេះឡើយ ពិសេសមិនទទួលយកការផ្តួចផ្តើមនិងសកម្មភាពណាមួយ ដែលឈរលើការកាត់ក្តីនេះឡើយ៕

វិទ្យុមិត្តភាពកម្ពុជាចិន