(ឡុងដ៏)៖ អង់គ្លេសកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតយន្តហោះដ្រូនរបស់អ៉ីរ៉ង់ និងអាជីវកម្មបរទេសជាច្រើនផ្សេងទៀត ដោយចោទប្រកាន់ពួកគេថាបានផ្គត់ផ្គង់អាវុធ សម្ភារសម្រាប់ប្រើប្រាស់ ប្រឆាំងនឹងអ៊ុយក្រែនដល់រុស្ស៉ី។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣។

រដ្ឋាភិបាលអង់គ្លេស បានដាក់ចេញនូវទណ្ឌកម្មថ្មីចំនួន ២៥ទៅលើបុគ្គល និងអាជីវកម្មនៅក្នុងប្រទេសអ៉ីរ៉ង់ តួកគី បេឡារុស ស្លូវ៉ាគី ស្វីស និងអេមីរ៉ាត់អារ៉ាប់រួម ក៏ដូចជារុស្ស៉ីផងដែរ។ ក្រុមហ៊ុនផលិតយន្តហោះដ្រូនអ៉ីរ៉ង់ Paravar Pars និងនាយកចំនួន៧រូបរបស់ក្រុមហ៊ុន ដែលស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិករួចស្រាប់ ព្រមទាំងក្រុមហ៊ុននាំចេញមីក្រូអេឡិចត្រូនិចដែលមានមូលដ្ឋាននៅតួកគីចំនួន ២ក្រុមហ៊ុន ក៏ស្ថិតក្នុងចំណោមគោលដៅទណ្ឌកម្មរបស់ចក្រភពអង់គ្លេសផងដែរ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ជេមស៍ ក្លេវឺលី (James Cleverly) បានគូសបញ្ជាក់ថា «គោលដៅចម្បងនៃទណ្ឌកម្ម នឹងធ្វើឲ្យឃ្លាំងអាវុធរបស់រុស្ស៉ីថយចុះ បិទសំណាញ់ខ្សែចង្វាក់ផ្គត់ផ្គង់ ជំរុញឲ្យឧស្សាហកម្មការពារជាតិរបស់លោកប្រធានាធិបតី ពូទីន ជួបបញ្ហា»។ ទណ្ឌកម្ម ក៏នឹងហាមប្រាមអង្គភាពរបស់អង់គ្លេសពីការផ្តល់សេវាកម្ម ដល់បុគ្គលនិងក្រុមហ៊ុនទាំងឡាយ ដែលរងទណ្ឌកម្ម រួមទាំងការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ដែលទុកនៅអង់គ្លេស។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មជាច្រើនលើការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក៕