(មូស្គូ)៖ ការផ្ទុះមួយដ៏កក្រើកមួយ បានកើតឡើងនៅឯរោងចក្រអុបទិកមួយក្នុងទីប្រជុំជនសឺហ្គីវ ប៉ូសេដ (Sergiev Posad) ចម្ងាយ ៥០គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងមូស្គូ ប្រទេសរុស្ស៉ី នាថ្ងៃពុធនេះ បណ្តាលឲ្យមនុស្សចំនួន ១៦នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣។

ដោយដកស្រង់ប្រភពពីក្រុមសង្រ្គោះបន្ទាន់ TASS បានរាយការណ៍ថា ការបំផ្ទុះនេះហាក់ដូចជាបានកើតឡើង នៅម្តុំឃ្លាំងផ្ទុកសារធាតុផលិតកំាជ្រួច។ រីឯបណ្តាញព័ត៌មានអនឡាញដ៏ពេញនិយម Mash របស់រុស្ស៉ី ក៏បានឲ្យដឹងថា ឃ្លាំងនេះត្រូវបានជួលដោយក្រុមហ៊ុន Pyrotechnics។ សម្ភារនានាត្រូវបានជម្លៀសចេញពីទីតាំងកើតហេតុ។

គួរបញ្ជាក់ថា រោងចក្រនៅទីប្រជុំជន Sergiev Posad មានកងកម្លាំងសន្តិសុខរុស្ស៉ីនៅក្នុងចំណោមអតិថិជនរបស់ខ្លួន។ យ៉ាងនេះក្តី គ្មានសេចក្តីរាយការណ៍ណាមួយអំពីការសង្ស័យថា ការផ្ទុះនេះបណ្តាលមកពីការវាយប្រហាររបស់អ៊ុយក្រែននោះទេ៕