(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ី បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា អតីតមន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់ ដែលបានរងការផ្តន្ទាទោសប្រហារជីវិត សម្រាប់ការសម្លាប់អង្គរក្សរបស់ខ្លួន គឺត្រូវបានតុលាការកំពូលសម្រេចសម្រាលទោស ឱ្យត្រឹមជាប់ពន្ធនាគារអស់មួយជីវិតវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣។
លោក ហ្វឺឌី សាមបូ (Ferdy Sambo) ដែលជាឧត្តមសេនីយ៍ផ្កាយពីរម្នាក់ និងជាអតីតប្រធានការងារផ្ទៃក្នុងរបស់ស្ថាប័នប៉ូលិសជាតិនៃប្រទេសឥណ្ឌូណេស៉ី បានជាប់ឈ្មោះជាជនសង្ស័យ បន្ទាប់ពីអង្គរក្សលោកត្រូវបានរកឃើញស្លាប់នៅក្នុងផ្ទះរបស់អតីតមេប៉ូលិសរូបនេះផ្ទាល់ កាលពីខែកក្កដា ឆ្នាំ២០២២ ក្នុងករណីឃាតកម្មមួយ ដែលពីដំបូងឡើយប៉ូលិសឥណ្ឌូណេស៉ី បានរងការចោទប្រកាន់ថាព្យាយាមបិទបាំង។ ដំណើរការជំនុំជម្រះក្តី បានប្រព្រឹត្តទៅអស់រយៈពេលជាច្រើនខែ ហើយវាបានបិទបញ្ចប់ទៅ ដោយតុលាការប្រកាសផ្តន្ទាទោសប្រហារជីវិតលើលោក សាមបូ កាលពីខែកុម្ភៈ ឆ្នាំនេះ។
កាលពីខែមេសា លោក សាមបូ បានប្តឹងឧទ្ធរណ៍ទៅកាន់តុលាការជាន់ខ្ពស់ ប៉ុន្តែតុលាការបានសម្រេចតម្កល់សាលក្រមកាត់ទោសឱ្យនៅដដែល។ ក្រោយមកនៅខែឧសភា លោកក៏បានបន្តប្តឹងឡើងទៅដល់តុលាការកំពូលតែម្តង។ រីឯភរិយាលោក ដែលកំពុងជាប់ពន្ធនាគារដូចគ្នា ព្រោះមានជាប់ពាក់ព័ន្ធក្នុងការរៀបចំផែនការប្រព្រឹត្តអំពើឃាតកម្មនោះ និងត្រូវបានផ្តន្ទាទោសរយៈពេល២០ឆ្នាំ ក៏ទទួលបានការកាត់បន្ថយមកនៅត្រឹម១០ឆ្នាំផងដែរ។
គួរបញ្ជាក់ថា លោក សាមបូ បានជាប់ចោទពីបទបញ្ជាឱ្យកូនចៅរបស់ខ្លួន បាញ់ប្រហារលើមន្រ្តីប៉ូលិសអាយុ២៧ឆ្នាំម្នាក់ ដែលត្រូវជាអង្គរក្ស ហើយបន្ទាប់មក ក៏បានយកកាំភ្លើងបាញ់លើជនរងគ្រោះដោយខ្លួនឯងផ្ទាល់ថែមទៀត។ នៅពេលករណីឃាតកម្មនោះ លេចលឺជាសាធារណៈពីដំបូងខាងប៉ូលិសបាននិយាយថា សមាជិកអង្គរក្សម្នាក់ទៀតគឺជាអ្នកដែលបានសម្លាប់ជនរងគ្រោះ បន្ទាប់ពីប្រទះឃើញរូបគេ ប្រព្រឹត្តសកម្មភាពរំលោភបំពានផ្លូវភេទលើភរិយារបស់លោក សាមបូ។ ទាល់តែប៉ុន្មានសប្តាហ៍ក្រោយមក ទើបលោក សាមបូ និងភរិយាត្រូវបានអាជ្ញាធរចាប់ខ្លួន៕