(ប៊ុយការ៉េស)៖ ក្រសួងការពារជាតិរ៉ូម៉ានី បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនបានសម្រេចចិត្តលុបចោលតែម្តង នូវកិច្ចព្រមព្រៀង​ដែលត្រូវបានពន្យារពេលយូរមកហើយ ស្តីពីការទិញនាវាចម្បាំងចំនួន៤គ្រឿង ពីក្រុមហ៊ុនបារាំង Naval Group បន្ទាប់ពីក្រុមហ៊ុននេះ ហើយនិងក្រុមហ៊ុនមួយទៀតដែលជាដៃគូ មិនអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀង តាមពេលវេលាកំណត់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣។

ក្រុមហ៊ុនការពារជាតិបារាំង Naval Group បានឈ្នះកិច្ចសន្យាដើម្បីសាងសង់នាវាចម្បាំងប្រភេទ corvette ថ្នាក់ Gowind ចំនួន៤គ្រឿងសម្រាប់ប្រទេសរ៉ូម៉ានី ហើយធ្វើទំនើបកម្មនាវាចម្បាំងមានស្រាប់របស់រ៉ូម៉ានីចំនួន២គ្រឿងផ្សេងទៀត នៅក្នុងតម្លៃ១.២ពាន់លានអឺរ៉ូ ឬស្មើនឹង១.៣២ពាន់លានដុល្លារ កាលពីឆ្នាំ២០១៩ ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុនរ៉ូម៉ានី Santierul Naval Constanta។ ក៏ប៉ុន្តែការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ ត្រូវបានពន្យារពេលរហូតមក ដែលដំបូងឡើយពាក់ព័ន្ធបញ្ហាផ្លូវច្បាប់ ខណៈក្រោយមកទៀត គឺដោយសារក្រុមហ៊ុនទាំងពីរបរាជ័យ ក្នុងការ​​ស្វែងរកការយោគយល់គ្នា ជុំវិញការកើនឡើងនៃថ្លៃចំណាយ។

គួរបញ្ជាក់ថា កងទ័ពជើងទឹកគឺជាអង្គការយោធាដែលទទួលបាន ការធ្វើទំនើបកម្មតិចតួចជាងគេបំផុតរបស់រ៉ូម៉ានី។ ប្រទេសអឺរ៉ុបមួយនេះ ដែលបានក្លាយជាសមាជិកអង្គការណាតូ (NATO) ចាប់តាំងពីឆ្នាំ២០០៤ និងសមាជិកសហភាពអឺរ៉ុប (EU) តាំងតែពីឆ្នាំ២០០៧ បាន​បង្កើនការចំណាយរបស់ខ្លួនលើវិស័យការពារជាតិ ឱ្យដល់២.៥ភាគរយនៃ GDP នៅក្នុងឆ្នាំ២០២៣នេះ ដើម្បីជាការឆ្លើយតបចំពោះ​សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន៕