(ប្រាស៉ីលីយ៉ា)៖ ក្រុមប្រទេសអាមេរិកខាងត្បូងចំនួន៨ បានព្រមព្រៀងគ្នាចាប់ផ្តើមសម្ព័ន្ធភាពមួយ ដើម្បីរួមគ្នារក្សាការពារព្រៃអាម៉ាហ្សូន ដោយពួកគេបានសន្យាអំលុងកិច្ចប្រជុំកំពូលមួយនៅប្រេស៉ីល ថានឹងប្រឹងប្រែងរារាំងកុំឱ្យព្រៃទាក់ទាញទឹកភ្លៀងធំបំផុតរបស់ពិភពលោក ឈានដល់ចំណុចវិនាសហិចហោច ដែលត្រឡប់ក្រោយលែងបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣។

កិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការអាម៉ាហ្សូន ហៅកាត់ ACTO បានអនុម័តកាលពីថ្ងៃអង្គារសប្តាហ៍នេះនូវអ្វីដែល ប្រទេសជាម្ចាស់ផ្ទះគឺប្រេស៉ីល ហៅថារបៀបវារៈរួមថ្មីមួយប្រកបដោយមហិច្ឆតា ដើម្បីជួយសង្រ្គោះព្រៃអាម៉ាហ្សូន ដែលមានតួនាទីសំខាន់ សម្រាប់ជួយប្រឆាំងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ខណៈក្រុមអ្នកជំនាញបានព្រមានថា ព្រៃទាក់ទាញទឺកភ្លៀងនេះ កំពុងស្ថិតក្រោម​ការគំរាមកំហែងខ្លាំងនៃសកម្មភាពបំផ្លិចបំផ្លាញ។

សមាជិកនៃអង្គការ ACTO ដែលរួមមានបូលីវី ប្រេស៉ីល កូឡុំប៊ី អាក្វាទ័រ ហ្គីយ៉ាន ប៉េរូ សូរីណាម និងវេណេស៊ុយអេឡា បានចុះហត្ថលេខា​លើសេចក្តីប្រកាសរួមមួយ នៅឯទីក្រុងបេឡឹម (Belem) ដែលស្ថិតនៅមាត់ច្រកនៃទន្លេអាម៉ាហ្សូន ដោយក្នុងនោះវាបានដាក់ចេញនូវ​គោលដៅផ្សេងៗ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបញ្ចប់ការកាប់បំផ្លាញព្រៃឈើ និងដើម្បីប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋ ដែលជាកត្តាជំរុញការកាប់បំផ្លាញនោះ។

យ៉ាងណាក្តៅ ក្រុមប្រទេសតំបន់អាម៉ាហ្សូនទាំង៨ បានទាន់អាចឯកភាពនៅឡើយ ចំពោះការទាមទារសំខាន់ៗពីក្រុមសកម្មជនបរិស្ថាន និងក្រុមជនជាតិដើមភាគតិច ដែលរួមមានទាំងការអំពាវនាវឱ្យប្រទេសជាសមាជិកទាំងអស់របស់ ACTO អនុម័តការប្តេជ្ញារបស់ប្រេស៉ីល ក្នុងការបិទបញ្ចប់សកម្មភាពកាប់បំផ្លាញព្រៃដោយខុសច្បាប់ នៅត្រឹមឆ្នាំ២០៣០ និងការប្តេជ្ញារបស់កូឡុំប៊ី ក្នុងការបញ្ឈប់សកម្មភាពរុករក​ប្រេងថ្មីៗបន្តទៀត។ ជំនួសមកវិញ ក្រុមប្រទេស ACTO នឹងបន្តឆ្ពោះទៅសម្រេចគោលដៅទប់ស្កាត់ ការកាប់បំផ្លាញព្រៃអាម៉ាហ្សូនដោយ​រៀងៗខ្លួនដដែល។

គួរបញ្ជាក់ថា ដោយជាជម្រកសម្រាប់ស្ថានជីវៈចម្រុះប្រមាណ១០ភាគរយរបស់ពិភពលោក ព្រមទាំងមនុស្សខ្ទង់៥០លាននាក់ រួមជាមួយ​ដើមឈើរាប់រយពាន់លានដើម ព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូនដ៏ធំសម្បើមនេះ គឺជាវត្ថុដ៏សំខាន់សម្រាប់ការស្រូបយកឧស្ម័នកាបូនដែល​ត្រូវបានបញ្ចេញទៅក្នុងស្រទាប់បរិយាកាស ដើម្បីកាត់បន្ថយការកើនឡើងកម្តៅភពផែនដី។ ក្រុមមេដឹកនាំនៃប្រទេសអាមេរិកខាងត្បូង ក៏បានអំពាវនាវដល់បណ្តាប្រទេសអភិវឌ្ឍន៍ ​ឱ្យប្រឹងប្រែងបន្ថែម ដើម្បីជួយបញ្ឈប់ការបំផ្លិចបំផ្លាញហិចហោច នៃព្រៃអាម៉ាហ្សូនផងដែរ ដ្បិតពួកគេនិយាយថា វាមិនអាចត្រឹមជាបន្ទុកសម្រាប់ប្រទេសមួយចំនួនតូចប៉ុណ្ណោះទេ នៅពេលដែលវិបត្តិត្រូវបានបង្កឡើងដោយប្រទេស​ជាច្រើន៕