(ព្រុចសែល)៖ រថក្រោះ Leopard 1 មួយទឹកចំនួនរាប់សិបគ្រឿង ដែលពីមុនមកធ្លាប់ជាកម្មសិទ្ធិរបស់បែលហ្ស៉ិក ទើបតែត្រូវបានទិញយកដោយប្រទេសអឺរ៉ុប១ទៀត សម្រាប់ឱ្យអ៊ុយក្រែនយកទៅប្រើប្រាស់ ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣។

លោក ហ្វ្រេដឌី វើស្លាស (Freddy Versluys) នាយកប្រតិបត្តិនៃក្រុមហ៊ុនការពារជាតិ OIP Land Systems របស់បែលហ្ស៉ិក បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រូបលោកបានទិញយករថក្រោះស៊េរីចាស់ Leopard 1 ទាំងនោះ ពីរដ្ឋាភិបាលបែលហ្ស៉ិកកាលពីជាង៥ឆ្នាំមុន ហើយឥឡូវលោក ទើបតែបានលក់ពួកវាទាំងអស់គឺ៥០គ្រឿង ឱ្យទៅរដ្ឋាភិបាលប្រទេសអឺរ៉ុបមួយផ្សេងទៀត។ បើតាម លោក វើស្លាស ដោយសារតែលក្ខខណ្ឌនៃកិច្ចព្រមព្រៀង រូបលោកមិនអាចបញ្ជាក់អំពីឈ្មោះប្រទេសដែលជាភាគីទិញ ឬក៏តម្លៃនៃការលក់​រថក្រោះទាំងនោះឡើយ។

ដោយឡែក កាលពីថ្ងៃអង្គារដដែល ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ អានដែលប្លាត់ (Handelsblatt) បានរាយការណ៍ថា ក្រុមហ៊ុនផលិតអាវុធ រ៉ែនមេតាល់ (Rheinmetall) របស់អាល្លឺម៉ង់ បានទិញយកក្រុមរថក្រោះ Leopard 1 ខាងលើ ហើយនឹងរៀបចំពួកវា សម្រាប់ការនាំចេញទៅ​អ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះរដ្ឋាភិបាលណាមួយ ដែលនៅពីក្រោយកិច្ចព្រមព្រៀងនេះឡើយ។ បើតាមលោក​ វើស្លាស វាអាចនឹង​ត្រូវចំណាយពេលចន្លោះ៤-៦ខែ មុនពេលរថក្រោះ Leopard 1 ទាំងនោះ អាចធ្វើប្រតិបត្តិការនៅលើសមរភូមិ ក្នុងប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា រថក្រោះ Leopard 1 ត្រូវបានផលិតដោយក្រុមហ៊ុនអាល្លឺម៉ង់ ក្រោស-ម៉ាហ្វៃ (Krauss-Maffei) ដោយចាប់ផ្តើមកាលពី​ពីទសវត្សរ៍ឆ្នាំ១៩៦០។​ វាមានទម្ងន់ស្រាលជាងរថក្រោះ Leopard 2 ហើយប្រើកាណុងកាំភ្លើងប្រភេទខុសគ្នា។ ម៉ូដែល Leopard 1 ដែលលោក ​​វើស្លាស បានលក់ចេញនោះ គឺត្រូវបានជួសជុលកែលម្អបន្ថែមលើកចុងក្រោយបង្អស់ តាំងតែពីទសវត្សរ៍ឆ្នាំ១៩៩០៕