(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថា យន្តហោះយោធាចំនួន១០គ្រឿង របស់កងទ័ពអាកាសចិន បានបើកចូលមកក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស ឬហៅកាត់ថា ADIZ របស់កោះតៃវ៉ាន់ នៅថ្ងៃពុធសប្តាហ៍នេះ អមជាមួយនាវាចម្បាំងចិន៥គ្រឿង ដែលធ្វើប្រតិបត្តិការល្បាតពង្រឹងលក្ខណៈត្រៀមប្រយុទ្ធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣។

ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា គិតចាប់តាំងពីម៉ោងខ្ទង់៩ព្រឹក ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនសរុប២៥គ្រឿង ធ្វើសកម្មភាពនៅលើផ្ទៃសមុទ្រ ក្នុងនោះរួមមានទាំងយន្តហោះចម្បាំងប្រភេទ J-10 និង J-16 ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែក H-6។ ក្នុងចំណោមយន្តហោះយោធាចិនទាំងនោះ មាន១០គ្រឿង បានហោះឆ្លងខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ឬហោះចូលមក​​ផ្នែកភាគនិរតីនៃតំបន់ ADIZ របស់តៃវ៉ាន់។ បើតាមទីក្រុងតៃប៉ិ យន្តហោះទាំងនោះ ធ្វើប្រតិបត្តិការអមគ្នាជាមួយនាវាចម្បាំងចិន ៥គ្រឿងផ្សេងទៀត ដែលនៅលើសមុទ្រ។

ADIZ គឺជាតំបន់ផ្ទៃអាកាសទូលំទូលាយមួយ ដែលតៃវ៉ាន់តាមដាននិងល្បាត ដើម្បីមានពេលវេលាបានច្រើន ​សម្រាប់ឆ្លើយតបចំពោះ​​ការគំរាមកំហែងណាមួយ ហើយក្រុមយន្តហោះចិន មិនបាននិងមិនដែលធ្លាប់ហោះទន្ទ្រានចូល ដែនអាកាសរបស់តៃវ៉ាន់តែម្តងនោះទេ។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន តៃវ៉ាន់ក៏បានរាយការណ៍ពីកម្រិតសកម្មភាពប្រហាក់ប្រហែលគ្នា នៃយន្តហោះនិងនាវាយោធាចិន នៅក្បែរដែនកោះខ្លួនផងដែរ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប្រមាណជា៣ឆ្នាំចុងក្រោយនេះ ចិនបានបង្កើនសកម្មភាពយោធារបស់ខ្លួន កាន់តែញឹកញាប់ខ្លាំងឡើងនៅក្បែរ​តៃវ៉ាន់ ដ្បិតដែនកោះនេះត្រូវទីក្រុងប៉េកាំងចាត់ទុកជា ផ្នែកដែលមិនអាចផ្តាច់បានឡើយនៃទឹកដីរបស់ប្រទេសចិន៕