(នីញ៉ាម៉េ)៖ នីហ្សេ បានរងនូវការដាក់ទណ្ឌកម្មបន្ថែមទៀត នៅថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំរដ្ឋប្រហារយោធាច្រានចោល មធ្យោបាយចរចាផ្នែកការទូតចុងក្រោយបំផុតមួយ ដែលមានគោលបំណងស្តារឡើងវិញនូវសណ្តាប់ធ្នាប់ប្រទេសឡើងវិញ។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣។

ប្រធានាធិបតីនីហ្សេរីយ៉ា លោក បូឡា ទីនូប៊ូ (Bola Tinubu) បានបញ្ជាឲ្យដាក់ទណ្ឌកម្មតាមរយៈធនាគារកណ្តាលរបស់ខ្លួន លើប្រទេសនីហ្សេ ក្នុងគោលបំណងដាកើសម្ពាធលើអ្នកដែលពាក់ព័ន្ធនឹងការដណ្ដើមអំណាចតាមរយៈការធ្វើរដ្ឋប្រហារ។ ទណ្ឌកម្មនេះត្រូវបានដាក់ចេញបន្ទាប់ពី របបយោធានីហ្សេបដិសេធដំណើររបស់ក្រុមគណៈប្រតិភូមកពីរដ្ឋអាហ្វ្រិកខាងលិច សហភាពអាហ្រ្វិក អង្គការសហប្រជាជាតិ ចូលទៅក្នុងប្រទេស នីហ្សេ ព្រមទាំងប្រឆាំងនឹងសម្ពាធពីសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិដែលកំពុងជំរុញឱ្យមានការត្រឡប់ទៅរកតុចរចា។

អ្នកនាំពាក្យក្រសួងការបទេសអាមេរិក លោក ម៉ាតស៊ូ មីលលឺ (Matthew Miller) បានប្រាប់អ្នកសារព័តមាននៅថ្ងៃអង្គារសប្តាហ៍នេះថា ជំនួយរបស់ សហរដ្ឋអាមេរិក លើការផ្តល់មូលនិធិសម្រាប់ការអប់រំ និងការបណ្តុះបណ្តាលយោធាអន្តរជាតិ ប្រតិបត្តិការរក្សាសន្តិភាព រួមទាំងកម្មវិធីហិរញ្ញប្បទាន យោធាបរទេសដែលគាំទ្រដល់សមត្ថភាពប្រឆាំងភេរវកម្មរបស់នីហ្សេ ត្រូវបានផ្អាកចាប់តាំងពីមានរដ្ឋប្រហារមក។

គួរបញ្ជាក់ថា មហាអំណាចក្នុងតំបន់ និងលោកខាងលិចបារម្ភថា រដ្ឋប្រហារនៅនីហ្សេនឹងធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់សាហែល (Sahel) នៃតំបន់ អាហ្រ្វិកខាងលិច ដែលជាតំបន់ក្រីក្របំផុតមួយរបស់ពិភពលោក និងកំពុងប្រឈមមុខនឹងរដ្ឋប្រហារជាបន្តបន្ទាប់។ ជាមួយគ្នានេះ ការបិទព្រំដែន និងដែនអាកាសបានកាត់ផ្តាច់ការផ្គត់ផ្គង់ថ្នាំ និងស្បៀងអាហារ ដែលជាជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិផងដែរ៕