(តូក្យូ)៖ ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយព្យុះទីហ្វុង Khanun បានវាយប្រហារលើតំបន់ភាគខាងត្បូងប្រទេសជប៉ុន នៅថ្ងៃពុធនេះ ខណៈព្យុះថ្មីមួយ ផ្សេងទៀតកំពុងបក់បោកខិតកាន់តែកៀកពីតំបន់ភាគខាងកើត ដែលអាចនឹងគំរាមកំហែងដល់ទីក្រុងតូក្យូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣។

ក្រុមមន្ត្រីឧតុនិយមជប៉ុនបានឱ្យដឹងថាព្យុះទីហ្វុង Khanun អាចនឹងបក់បោកដល់ដីគោកនៃកោះ Kyushu នៃភាគនិរតីប្រទេស ដែលស្ថិតនៅចម្ងាយ ប្រហែល ៨៥៨គីឡូម៉ែត្រ ពីទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប៉ុន្តែតំបន់មួយចំនួនរបស់ប្រទេសជប៉ុន បានជន់លិចជាបណ្ដើរៗរួចទៅហើយ ដោយសារភ្លៀងធ្លាក់ជាងមួយសប្ដាហ៍មកនេះ។

ព្យុះទីហ្វុង Khanun នៅតែបន្តមានឥទ្ធិពល ដោយវាធ្វើដំណើរក្នុងល្បឿនយឺតៗត្រឹម១០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនេះមានន័យថាឥទ្ធិពលខ្យល់ និងភ្លៀងធ្លាក់អាចមានរយៈពេលយូរ ស្របពេលមានការព្រមានពីភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងនៅតាមផ្នែកជាច្រើននៃភាគខាងត្បូង និងភាគខាងលិច ប្រទេសជប៉ុន។ ក្រុមហ៊ុនប្រតិបត្តិការផ្លូវដែក West Japan Railway ក៏បានប្រកាសពីការផ្អាកធ្វើប្រតិបត្តិការមួយចំនួនរបស់ខ្លួនផងដែរ នៅលើ កោះKyushu។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីឧតុនិយមជប៉ុន ព្យុះទី២មានឈ្មោះថា Lan កំពុងស្ថិតនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនៃភាគខាងត្បូងប្រទេសជប៉ុន និងត្រូវបានព្យាករថាអាចនឹងពង្រឹងឥទ្ធិពល ខណៈព្យុះនេះបក់បោកឆ្ពោះទៅកាន់ភាគខាងជើង ដែលអាចនឹងបង្កផលប៉ះពាល់ដល់ទីក្រុងតូក្យូ នៅដើម សប្ដាហ៍ក្រោយ៕