(បែរឡាំង)៖ ក្រសួងការពារជាតិអាល្លឺម៉ង់ នៅថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសថា ទីក្រុងបែរឡាំងនឹងបន្តការដាក់ពង្រាយប្រព័ន្ធការពារមីស៉ីល Patriot ចំនួន ៣គ្រឿងនៅក្នុងប្រទេសប៉ូឡូញ រហូតដល់ចុងឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣។

ក្រសួងការពារជាតិអាល្លឺម៉ង់ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ការពន្យារពេលបន្តលើសចុងឆ្នាំ២០២៣ មិនត្រូវបានរំពឹងទុកនោះទេ ហើយប្រព័ន្ធមីស៉ីល Patriot មួយចំនួនរបស់អាល្លឺម៉ង់ ត្រូវការសម្រាប់ប្រើប្រាស់ដោយកម្លាំងប្រតិកម្មរហ័សរបស់ណាតូនៅឆ្នាំ២០២៤ ខណៈមួយចំនួនត្រូវឆ្លងកាត់ការត្រួតពិនិត្យ ថែទាំងឲ។

គួរបញ្ជាក់ថា ប្រព័ន្ធការពារមីស៉ីល Patriot ចំនួន ៣គ្រឿង រួមជាមួយទាហានអាល្លឺម៉ង់ប្រហែល ៣០០នាក់កំពុងឈរជើងនៅក្នុងទីក្រុងហ្សាម៉ូស (Zamosc) របស់ប៉ូឡូញ ដែលចម្ងាយប្រហែល ៥០គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនអ៊ុយក្រែន ចាប់តាំងពីដើមឆ្នាំ២០២៣មក ដើម្បីការពារទីក្រុងភាគខាងត្បូង និងខ្សែផ្លូវរថភ្លើង ដ៏សំខាន់តភ្ជាប់ប៉ូឡូញទៅកាន់អ៊ុយក្រែន។ ការដាក់ពង្រាយនេះ កើតមានឡើងក្រោយពេលដែលមីស៉ីលរបស់អ៊ុយក្រែន បានធ្លាក់ចំភូមិមួយនៃទឹកដីប៉ូឡូញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ជាឧប្បត្តិហេតុមួយ ដែលបង្កើនការភ័យខ្លាចថា សង្គ្រាមរុស្ស៉ី-អ៊ុយក្រែនអាចរាលដាលចូលទឹកដី NATO៕