(សេអ៊ូល)៖ អាជ្ញាធរនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារសប្តាហ៍នេះបានចាប់ផ្តើមប្រតិបត្តិការដ៏ធំមួយ ដើម្បីជម្លៀសក្រុមកាយរីទ្ធិវ័យជំទង់ជិត ៤០,០០០នាក់មកពីជុំវិញពិភពលោក ចេញពីទីតាំងនៃការជួបជុំរ​បស់ពួកគេនៅតំបន់ឆ្នេរភាគខាងលិចរបស់ប្រទេស ខណៈដែលព្យុះទីហ្វុង Khanun ខិតជិតមកដល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។

កម្មវិធី World Scout Jamboree ដែលប្រារព្ធឡើងនៅក្នុងជំរុំបណ្ដោះអាសន្នដ៏ធំមួយ នៅតំបន់ Saemangeum នៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេសន្មត់ថា មានកម្មវិធីជាច្រើនដូចជាការសម្តែងវប្បធម៌ សិក្ខាសាលានិរន្តរភាព និងការសម្តែងផ្សេងទៀតសម្រាប់អ្នកចូលរួម ដែលភាគច្រើនជាសិស្សវិទ្យាល័យ និងមធ្យមសិក្សា។

ប៉ុន្តែដោយសារកត្តាលក្ខខណ្ឌនៅក្នុងជំរុំ ក៏ដូចជាខ្យល់ព្យុះទីហ្វុងដែលកំពុងខិតជិតមកដល់ និងអាកាសធាតិក្តៅខ្លាំង ដែលក្រោយមកបានធ្វើឱ្យអ្នកចូលរួមរាប់រយនាក់ឈឺ ធ្វើឱ្យមានផលប៉ះពាល់ដល់កម្មវិធីជួបជុំនេះ ហើយឥឡូវក្រុមកាយរឹទ្ធិទាំងនោះ កំពុងចាកចេញពីជំរុំ​ ស្ទើរតែមួយសប្តាហ៍មុនកាលកំណត់ ដែលមានរយៈពេល​១២ថ្ងៃ។

យោងតាម លោក Lee Sang-min រដ្ឋមន្ត្រីមហាផ្ទៃ និងសុវត្ថិភាពរបស់ប្រទេសនេះ បាននិយាយថា ឡានក្រុងជាង ១,០០០គ្រឿងដែលដឹកក្រុមកាយរឹទ្ធិចំនួន ៣៧,០០០នាក់ បានចាប់ផ្តើមចាកចេញពីទីតាំងជំរុំនៅថ្ងៃអង្គារសប្តាហ៍នេះ។ រថយន្តក្រុងត្រូវបានអមដំណើរ ដោយរថយន្តល្បាតរបស់ប៉ូលីសចំនួន ២៧៣គ្រឿង និងឧទ្ធម្ភាគចក្រប៉ូលីសចំនួន ០៤គ្រឿងផងដែរ ហើយអ្នកចូលរួមនឹងត្រូវដាក់នៅកន្លែងស្នាក់នៅចំនួន ១២៨កន្លែងនៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រីបានបន្ថែមថា «សម្រាប់រយៈពេលប្រាំថ្ងៃដែលនៅសល់ រដ្ឋាភិបាលនៅតែបន្តដំណើរការកម្មវិធីជួបជុំ (Jamboree) ដដែល ហើយយើងនឹងគាំទ្រអ្នកចូលរួម ក្នុងការកសាងបទពិសោធន៍ក្នុងកម្មវិធីជួបជុំនេះ»

គួរបញ្ជាក់ថា អង្គការពិភពលោកនៃចលនាកាយរឹទ្ធិបានប្រកាស «ផែនការជម្លៀសបន្ទាន់» នេះកាលពីថ្ងៃចន្ទ ដោយលើកឡើងពីព្យុះទីហ្វុង Khanun ដែលខិតជិតមកដល់។ យោងតាមអ្នកឧតុនិយមបានឱ្យដឹងថា ព្យុះទីហ្វុងនេះត្រូវបានគេព្យាករណ៍ថា នឹងបោកបក់មកលើប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយមានភ្លៀងធ្លាក់រហូតដល់ ៦អ៊ីញ (១៥០ មីលីម៉ែត្រ)៕