(នីញ៉ាម៉េ)៖ រដ្ឋមន្ត្រីយោធាក្នុងប្រទេសនីហ្សេ បានកើតឡើងប្រមាណជាង១០ថ្ងៃមកហើយ។ រដ្ឋប្រហារយោធានោះ ត្រូវពិភពលោកបានមើលឃើញ ថាក៏ជាកំទេចភ្លើងដែលអាចនាំឆេះជាសង្គ្រាមបានដែរបើសិនជារកវិធីពន្លត់មិនទាន់ពេលវេលា។ ដែនអាកាសរបស់នីហ្សេ បានបិទកាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃកំណត់ដោយប្រទេសមួយ ក្រុមក្នុងទ្វីបអាហ្វ្រិកដើម្បីតម្រូវឱ្យមេដឹកនាំរដ្ឋប្រហារយោធានីហ្សេ ត្រូវផ្តល់អំណាច និងដោះលែងប្រធានាធិបតី ជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះឡើងវិញ។

អ្នកដឹកនាំរដ្ឋប្រហារម្នាក់នៃប្រទេសនីហ្សេ លោកវរសេនីយ៍ឯក អាម៉ាឌូ អាប់ដ្រាម៉ាន Amadou Abdramane បានថ្លែងតាមសារវីដេអូកាលពី ថ្ងៃទី៦ ខែសីហាថា នៅពេលដែលថ្ងៃកំណត់បានរំលងផុតនោះ ដែនអាកាសរបស់ប្រទេសនីហ្សេ បានបិទដោយសារតែ «ការគំរាមកំហែងនៃការអន្តរាគមន៍ ពីបណ្តាប្រទេសជិតខាង»

*តើការធ្វើរដ្ឋប្រហារយោធាក្នុងប្រទេសនីហ្សេនឹងបង្កជាសង្គ្រាមក្នុងទ្វីបអាហ្វ្រិកដែរឬទេ?

ប្រទេសនីហ្សេ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលក្រីក្របំផុតរបស់សកលលោក ប្រទេសនីហ្សេគឺជាប្រទេសដែលមានសំបូរដោយកន្លែង វប្បធម៌ផ្សេងៗរបស់ជនជាតិ ប៉ុន្តែប្រទេសនេះក៏មានប្រវត្តិនៃទំនាស់ផ្ទៃក្នុងរបស់ខ្លួនជារ៉ាំរ៉ៃផងដែរទាំងកត្តានយោបាយរបស់ជនជាតិ និងសាសនា ហើយទំនាស់ទាំងនេះបានធ្វើឱ្យប្រទេសនីហ្សេបានរស់ក្នុងសភាពសន្តិសុខមួយដ៏ស្មុគស្មាញ។ ក្រុមធ្វើរដ្ឋប្រហារយោធា បានថ្លែងថាស្ថានការណ៍ សន្តិសុខ ដែលកាន់តែយ៉ាប់យ៉ឺនទៅៗនោះហើយគឺជាមូលហេតុស្នូលនៃការនាំឱ្យការផ្ទុះឡើងនៃរដ្ឋប្រហារនេះ។

រដ្ឋប្រហារយោធានៅនីហ្សេ ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ ប្រធានាធិបតីលោក Mohamed Bazoum ត្រូវបានចាប់ខ្លួន ដោយក្រុមឆ្មាំសន្តិសុខរបស់លោក…ហើយមនុស្សដែលស្ថិតនៅពីក្រោមខ្នងនៃអំពើរដ្ឋប្រហារនេះ គឺឧត្តមសេនីយ៍ Abdourahamane Tchiani ដែលជាមេបញ្ជាការកងអង្គរក្សរបស់លោកប្រធានាធិបតី Mohamed Bazoum។ រដ្ឋប្រហារយោធាកាលពីចុងខែកក្កដា ឆ្នាំ២០២៣ គឺជារដ្ឋប្រហារ យោធាជាលើកទី៥ហើយ ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យពីប្រទេសបារាំងឆ្នាំ១៩៦០។ រដ្ឋប្រហារលើកដំបូងបង្អស់គឺនៅក្នុងខែមេសា ឆ្នាំ១៩៧៤។ រដ្ឋប្រហារលើកទី២បានកើតឡើង ក្នុងឆ្នាំ១៩៩៦, រដ្ឋប្រហារលើកទី៣ បានកើតឡើងក្នុងឆ្នាំ១៩៩៩, រដ្ឋប្រហារលើកទី៤ បាន កើតឡើងក្នុងឆ្នាំ២០១០។ ហើយ១៣ឆ្នាំបន្តពីនោះមក, រដ្ឋប្រហារលើកទី៥ បានកើតឡើងទម្លាក់ប្រធានាធិបតីលោក Mohamed Bazoum ដែលកំពុងតែកើតឡើងនាពេលនេះ។

ជាមួយនឹងស្ថានការណ៍ដែលមានរដ្ឋប្រហារលើកទី៥នេះ, វិទ្យាស្ថានជាតិនានាត្រូវបានបិទ…បាតុករមកពីភាគីទាំងសងខាង ត្រូវគេឃើញបានដើរ តាមដងផ្លូវ រួមមានទាំងមនុស្ស ជាច្រើនពាន់នាក់ដែលគាំទ្រការធ្វើរដ្ឋប្រហារយោធានោះផងដែរ។ បំរាមគោចរក្នុងប្រទេស ត្រូវបានដាក់ដំណើរការ ថែមទៀត។ ប៉ុន្តែនៅខាងក្រៅប្រទេសនីហ្សេនោះវិញ, សកម្មភាពរបស់មេដឹកនាំរដ្ឋប្រហារត្រូវបានថ្កោល ទោសយ៉ាងឆាប់រហ័សដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួន ក៏ដូចជាក្រុមនៃបណ្តាប្រទេសនៅអាហ្វ្រិកខាងលិច ដែលពួកគេបានគំរាមកំហែងថានឹងប្រើកម្លាំងបង្ក្រាបដាក់លើ មេដឹកនាំធ្វើរដ្ឋប្រហារយោធាក្នុងប្រទេសនីហ្សេ។

សហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច (ECOWAS) ដែលជាប្លុកនៅក្នុងតំបន់បានព្រមានថាប្រសិនបើរបបយោធាធ្វើរដ្ឋប្រហារ មិនចុះចាញ់ទេ, វាអាចប្រឈមមុខនឹងអន្តរាគមន៍យោធាដែលអាចកើតមាន។ ប្រទេសនីហ្សេ គឺជាប្រទេសមួយដែលស្ថិតក្នុងសហគមន៍សេដ្ឋកិច្ច ECOWAS នេះ។ មេដឹកនាំរដ្ឋប្រហារនីហ្សេមិនបានចុះចាញ់នឹងការគំរាមនោះឡើយ។ ក្រុមប្លុកសេដ្ឋកិច្ច ECOWAS បានផ្តល់ឱសានវាទដល់មេ ដឹកនាំរដ្ឋប្រហារយោធានោះរហូតដល់ថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣។ ក្រុមប្លុកសេដ្ឋកិច្ច ECOWAS បានព្រមានថារហុតដល់ថ្ងៃដាច់ឱសានវាទ នោះ, ប្រសិនបើរបបយោធានីហ្សេនៅតែបន្តការមិនចុះចាញ់និងចចេសការកាន់អំណាច គេនឹងចាត់វិធានការចាំ បាច់ទាំងអស់ដើម្បី ការស្តារសណ្តាប់ធ្នាប់នៃច្បាប់រដ្ឋធម្មនុញ្ញសាជាថ្មី រួមទាំងការប្រើប្រាស់ កម្លាំងបង្ខំផងដែរ។

ក្រុមប្លុកសេដ្ឋកិច្ច ECOWAS ក្រៅពីការព្រមានទាំងនេះ នៅបានចាត់វិធានការហាមការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិមន្ត្រីយោធាពាក់ព័ន្ធនឹងអំពើ រដ្ឋប្រហារក៏ដូចជាសមាជិកក្រុមគ្រួសារ ឬជនស៊ីវិលទាំងឡាយណាដែលព្រមទទួលចូលរួមបំរើក្នុងស្ថាប័ន ឬចូលរួមក្នុងការបង្កើតរដ្ឋាភិបាលថ្មីរបស់ ក្រុមយោធាធ្វើរដ្ឋប្រហារនោះ។ ប្រទេសបារាំង និងសហភាពអឺរ៉ុបក៏បានកាត់ផ្តាច់ជំនួយហិរញ្ញវត្ថុដល់ប្រទេសនីហ្សេថែមទៀត បន្ទាប់ពីរដ្ឋប្រហារ យោធា។

ក្នុងប្រទេសនីហ្សេនោះវិញ, នារសៀលថ្ងៃអាទិត្យ ទី៦ ខែសីហាថ្ងៃកំណត់ឱសានវាទចុងក្រោយ បានឈានមកដល់មានមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង Niamey រដ្ឋធានីរបស់ប្រទេសនីហ្សេ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះក្រុមយោធាធ្វើរដ្ឋប្រហារ និងពួកគេបញ្ចេញ សំឡេងប្រឆាំងនឹងការដាក់ទណ្ឌកម្មដែលដដោយក្រុមប្លុក ECOWAS ។ ក្រុមធ្វើរដ្ឋប្រហារយោធានៅជាមួយគ្នានោះ ក៏បានព្រមានតាមទូរទស្សន៍រដ្ឋថា គេនឹងធ្វើការឆ្លើយតបវិញភ្លាមៗចំពោះការធ្វើអន្តរាគមន៍យោធាណាមួយពីសំណាក់បរទេសតាមរយៈកងកម្លាំងរក្សាសន្តិសុខ និងកងកម្លាំងការពារជាតិ ក្នុងប្រទេសនីហ្សេ។

នៅមុនថ្ងៃកំណត់ឱសានវាទកាលពីថ្ងៃអាទិត្យ ទី៦ ខែសីហានោះ មេដឹកនាំនៃក្រុមប្លុក ECOWAS ត្រូវគេឃើញថាបានជួបប្រជុំគ្នានៅក្នុងប្រទេស នីហ្សេរីយ៉ា ដែលនៅជាប់នឹងប្រទេសនីហ្សេ ដើម្បីត្រៀមរៀបចំការឆ្លើយតបរួមគ្នាជាសមូហភាពចំពោះក្រុមធ្វើរដ្ឋប្រហារយោធានីហ្សេរួម និងគម្រោង ឆ្លើយតបដោយសកម្មភាពប្រើយោធាផងដែរ ដែលសកម្មភាពយោធានោះ ត្រូវក្រុមប្លុក ECOWAS បញ្ជាក់ថាគឺជាជម្រើសដ៏ចុងក្រោយបង្អស់។

លោក Abdel-Fatau Musah ស្នងការ ECOWAS ដែលទទួលបន្ទុកកិច្ចការនយោបាយសន្តិភាពនិងសន្តិសុខ បានថ្លែងថាធាតុផ្សំទាំងអស់ដែល នឹងត្រូវចូលធ្វើអន្តរាគមន៍ក្នុងពេលណាមួយនោះ ត្រូវបានគេជជែកគ្នាដោយភាពល្អិតល្អន់ រួមមានទាំងពេលវេលា, ធនធានដែលត្រូវការចាំបាច់ រួមមានទាំងរបៀបនិងកន្លែង និងពេលវេលាដែលគេនឹងដាក់ពង្រាយកម្លាំងបែប នោះក្នុងការឆ្លើយតបចំពោះសកម្មភាពក្រុមយោធានីហ្សេដែល ធ្វើរដ្ឋប្រហារ។ ប៉ុន្តែរហូតមកទល់នឹងពេលនេះ ក្រុមប្លុក ECOWAS មិនទាន់បានធ្វើសកម្មភាពយោធារបស់ខ្លួនឡើយ។

ការផ្ទុះរដ្ឋប្រហារយោធាក្នុងប្រទេសនីហ្សេនេះ បានធ្វើឱ្យសហរដ្ឋអាមេរិកមានក្តីឈឺឆ្អាលលើ កិច្ចការងារការទូត។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បានព្រមានថាភាពធ្វើជាដៃគូរបស់អាមេរិក ជាមួយនឹងប្រទេសនីហ្សេគឺ នឹងពឹងផ្អែកលើអភិបាលកិច្ចប្រជាធិបតេយ្យនិង ការគោរពច្បាប់។ ប្រទេសនីហ្សេ គឺជាប្រទេសមួយដែលមានសារៈសំខាន់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិកនៅក្នុង ទ្វីបអាហ្វ្រិក។ ប្រទេសនីហ្សេ គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅក្នុងតំបន់ដែលបានយល់ព្រមធ្វើជាមូលដ្ឋាននៃការរក្សាដ្រូនរបស់ សហរដ្ឋអាមេរិកនិងជាកន្លែងសម្រាប់កងកម្លាំងពិសេសអាមេរិកជាច្រើនរយនាក់ និង ក្រុមជំនាញផ្នែកដឹកជញ្ជូនដែលជាក្រុមចូលរួមក្នុងប្រតិបត្តិការ ប្រឆាំងភេរវកម្មរបស់ក្រុម Boko Haram និងសាខារបស់ក្រុម ISIS ។

ក្នុងឆ្នាំ2017 ទាហានប្រតិបត្តិការពិសេសរបស់កងទ័ពអាមេរិកចំនួន៤នាក់ត្រូវបានគេសម្លាប់ ក្នុងអំពើវាយឆ្មក់របស់ក្រុមភេរវកម្ម ISIS។ ក្រោយ ហេតុការណ៍នោះ គឺនៅក្នុងឆ្នាំ២០១៩, សហរដ្ឋអាមេរិកបានបើកមូលដ្ឋានដ្រូនរបស់ខ្លួនក្នុងប្រទេសនីហ្សេ។ ប្រទេសបារាំងក៏បានរក្សាវត្តមានយោធា ដ៏ធំមួយរបស់ខ្លួននៅក្នុងប្រទេសនីហ្សេ និងក៏មានក្រុមហ៊ុនបណ្តាក់ទុនលើរ៉ែធម្មជាតិនៅទីនោះផងទៀត។ លោក Blinken បានប្រាប់បណ្តាញ សារព័ត៌មានថា ប្រទេសនីហ្សេ គឺជាប្រទេសដៃគូមួយដែលសហរដ្ឋអាមេរិក «បានឱ្យតម្លៃយ៉ាងជ្រាលជ្រៅ និងពេញចិត្តយ៉ាងខ្លាំង» និងថាភាពជាដៃគូ នោះបាន ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសនីហ្សេផងដែរ។ ក្នុងដំណើរទស្សនកិច្ចកាលពីខែមីនា ឆ្នាំ២០២៣ក្នុងប្រទេសនីហ្សេនោះ, រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានប្រកាសនូវជំនួយសេដ្ឋកិច្ចថ្មីតម្លៃ១៥០លានដុល្លារ និងបានកោតសរសើរដល់ប្រធានាធិបតីនីហ្សេលោក Mohamed Bazoum ជាខ្លាំងក្នុងកម្មវិធីប្រឆាំងអំពើភេរវកម្ម។

ចំពោះសហរដ្ឋអាមេរិកអ្វីដែលបារម្ភខ្លាំងជាងគេក្នុងរដ្ឋប្រហារយោធានេះ គឺការអូសទាញប្រទេសនីហ្សេធ្លាក់ចូលក្នុងក្រុមផ្សេងដែលមិនមែនជាក្រុម សហរដ្ឋអាមេរិកគាំទ្រ។ សេចក្តីរាយការណ៍បានបង្ហាញថា ក្រោយមានអំពើរដ្ឋប្រហារយោធានេះបានទទួលជោគជ័យ ស្រាប់តែមានយុវជននីហ្សេ ជាច្រើនបាននាំគ្នាធ្វើការអបអរសាទរនឹងជ័យជំនះនោះក្នុងរដ្ឋធានី Niamey និងពួកគេបានកាន់ទង់ជាតិរុស្ស៊ីគ្រវី និងស្រែកច្រៀងថា Wagner។ សេចក្តីរាយការណ៍ខ្លះបានសន្និដ្ឋានថារដ្ឋប្រហារយោធានេះទំនងនឹងមានការជួយពីខាងក្រោយខ្នងដោយក្រុម Wagner របស់រុស្ស៊ី។ ហើយក្រុម Wagner របស់រុស្ស៊ីនេះហើយ គឺជាកង្វល់ធំបំផុតរបស់សហរដ្ឋអាមេរិក។ មេក្រុម Wagner លោក Yevgeny Prigozhin ត្រូវគេរាយការណ៍ថាក៏ បានកោតសរសើរដល់ក្រុមធ្វើយោធារដ្ឋប្រហារក្នុងប្រទេសនីហ្សេនោះផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិក ចង់ឃើញមានការធានាថាប្រទេសនីហ្សេ នឹងបន្តធ្វើជាដៃគូក្នុងកិច្ចប្រឹងប្រែងប្រឆាំងភេរវកម្ម ហើយមិនងាកទៅរកក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner សម្រាប់ដោយសារតែកត្តាជំនួយសន្តិសុខ ដូចធ្លាប់មាននៅប្រទេសដទៃក្នុងតំបន់អាហ្វ្រិក នោះឡើយ។ លោករដ្ឋមន្ត្រីការបរទេស Anthony Blinken បាននិយាយ កាលពីខែមីនាកន្លងមកនេះថា «គ្រប់ទីកន្លែងណាដែលក្រុម Wagnerធ្វើដំណើរទៅ» គឺតែងតែមាន «រឿងអាក្រក់ធ្វើទៅតាម»។ បើសិនជារដ្ឋប្រហារយោធាក្នុងប្រទេសនីហ្សេនោះ មានការលូកដៃពីក្រុម Wagner ពិតប្រា កដមែន តើសង្គ្រាមនឹងអាចផ្ទុះមួយបន្ថែមទៀតក្នុងទ្វីបអាហ្វ្រិកបានដែរឬទេ៕