(កដ្ឋមណ្ឌូ)៖ ក្រុមមន្រ្តី បាននិយាយនៅថ្ងៃអង្គារនេះថា បំណាក់ដីដោយសារតែភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងកាត់ផ្តាច់ផ្លូវហាយវេមួយកន្លែងនៅប្រទេសនេប៉ាល់ ក្នុងសប្តាហ៍នេះ ខណៈចំនួនអ្នកស្លាប់ដោយភ្លៀងមូសុងប្រចាំឆ្នាំ កើនឡើងដល់ជិត ៤០នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣។

ភ្លៀងធ្លាក់ដែលបោកបក់លើប្រទេសនេប៉ាល់ ចាប់តាំងពីខែមិថុនា រហូតដល់ខែកញ្ញា បានសម្លាប់មនុស្សរាប់សិបនាក់ជារៀងរាល់ឆ្នាំ និងជាច្រើននាក់ទៀតបាត់ខ្លួន ដោយសារខ្យល់មូសុងបង្កឲ្យមានការរអិលបាក់ដី និងទឹកជំនន់។ មន្ត្រីមួយរូបនៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឆ្នាំនេះមនុស្សចំនួន ៣៨នាក់បានស្លាប់ ហើយយ៉ាងហោចណាស់ ៣៣នាក់កំពុងបាត់ខ្លួននៅឡើយ។

ក្រុមសង្រ្គោះកំពុងស្វែងរកមនុស្សចំនួន ៦នាក់ដែលបាត់ខ្លួន បន្ទាប់ពីការបាក់ដីបាននាំយកផ្ទះរបស់ពួកគេ ស្ថិតនៅឯភូមិមួយក្បែរ រដ្ឋធានីកដ្ឋមណ្ឌូ (Kathmandu)។ ចំណែកផ្លូវហាយវេដ៏សំខាន់មួយ ដែលតភ្ជាប់រដ្ឋធានីជាមួយនឹងតំបន់វាលទំនាប ភាគខាងត្បូងប្រទេស ក៏ត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្នដែរ ដោយសារតែការបាក់ដី។

គួរបញ្ជាក់ថា ភ្លៀងក៏បានបណ្តាលឲ្យទឹកទន្លេបាកម៉ាទី (Bagmati) នៃជ្រលងភ្នំ Kathmandu ឡើងខ្លាំងហួសច្រាំង ហើយជន់លិច តំបន់ដែលមានប្រជាជនរស់នៅប្រហែល ៤លាននាក់។ ចំណែក អ្នករស់នៅក្បែរទន្លេស៉ីនឌូលី (Sindhuli) ភាគខាងកើត ក៏ត្រូវបានអាជ្ញាធរស្នើឲ្យជម្លៀសខ្លួន នៅពេលទឹកកាន់តែជន់ឡើង៕