(កៀវ)៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា (Dmytro Kuleba) នៅថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា លោកបានទូរស័ព្ទទៅសមភាគីអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) និងបានស្នើសុំមីស៉ីលចម្ងាយឆ្ងាយ ATACMS របស់កងទ័ពសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣។

លោក គូឡេបា បានបង្ហោះសារនៅលើបណ្តាញសង្គម X (twitter) យ៉ាងដូច្នេះថា «ក្នុងពេលជជែកគ្នា លោក ប្លីនខិន និងខ្ញុំ បានពិភាក្សាអំពីជំហានបន្ថែមទៀត ដើម្បីពង្រីកការគាំទ្រជាសកលសម្រាប់រូបមន្តសន្តិភាព និងដំណោះស្រាយដើម្បីពង្រីក ការនាំចេញគ្រាប់ធញ្ញជាតិ»។ លោក គូឡេបាន បន្ថែមថា «ខ្ញុំក៏បានអរគុណសហរដ្ឋអាមេរិក ចំពោះការផ្តល់ជំនួយទាំងអស់ និងសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងសមត្ថភាពបាញ់មីស៉ីលរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន តាមរយៈការផ្តល់ប្រព័ន្ធមីស៉ីល ATACMS»។

គួរបញ្ជាក់ថា មីស៉ីល ATACMS គឺជាមីស៉ីលបាលិស្ទីគធុនតូច ដែលផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin ហើយអាចបាញ់បានចម្ងាយរហូតដល់៣០០គីឡូម៉ែត្រ។ មីស៉ីលនេះអាចបាញ់ចេញពីប្រព័ន្ធបាញ់ផ្លោងគ្រាប់រ៉ុក្កែត ដូចជាប្រព័ន្ធ M270 MLRS និងប្រព័ន្ធ HIMARS ជាដើម៕