(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ បាននិយាយនៅថ្ងៃអង្គារនេះថា ដំណោះស្រាយសម្រាប់វិបត្តិនៅមីយ៉ាន់ម៉ា ដែលបានអូសបន្លាយចូលឆ្នាំទី៣ហើយនោះ គឺត្រូវការចាំបាច់នូវឆន្ទៈនយោបាយពីគ្រប់ភាគីទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣។
ថ្លែងក្នុងព្រឹត្តិការណ៍ទិវាអាស៊ាន លោកប្រធានាធិបតីឥណ្ឌូណេស៉ី បានលើកឡើងយ៉ាងដូច្នេះថា «យើងដឹងថា ស្ថានការណ៍នៅមីយ៉ាន់ម៉ា នៅតែពោរពេញទៅដោយបញ្ហាប្រឈម។ ប៉ុន្តែយើងក៏ត្រូវដឹងឱ្យច្បាស់ផងដែរថា ស្ថានការណ៍នេះគឺអាចដោះស្រាយបាន លុះត្រាតែមានឆន្ទៈនយោបាយ មកពីគ្រប់ភាគីទាំងអស់»។
លោក វីដូដូ បានបន្តថា ក្រុមប្រទេសអាស៊ាន ត្រូវតែបន្តធ្វើការជាមួយគ្នា ដើម្បីស្វែងរកច្រកចេញសម្រាប់វិបត្តិមីយ៉ាន់ម៉ា។ សម្រាប់ឆ្នាំនេះ ឥណ្ឌូណេស៉ីគឺជាប្រធានអាស៊ានប្តូរវេន ហើយនឹងត្រូវរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន នៅខែកញ្ញាខាងមុខ។ ទីក្រុងហ្សាការតាបានអនុវត្តនូវអ្វីដែលខ្លួនហៅថា «ការទូតស្ងៀមស្ងាត់» ជាមួយរបបសឹកមីយ៉ាន់ម៉ា ដើម្បីព្យាយាមជំរុញឱ្យយល់ព្រមចូលអង្គុយនៅតុចរចា។
បើតាមលោក វីដូដូ កិច្ចប្រឹងប្រែងរបស់អាស៊ាន ដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា នឹងបន្តដើរតាមកិច្ចព្រមព្រៀង៥ចំណុច ដែលបានឯកភាពគ្នាជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពី២ឆ្នាំមុន។ យ៉ាងណាមិញ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនបានគោរពតាមការព្រមព្រៀងគ្នានោះឡើយ។
គួរបញ្ជាក់ថា អាស៊ានបានមានការខ្វែងគំនិតគ្នា ជុំវិញមធ្យោបាយដើម្បីធ្វើប្រាស្រ័យទាក់ទង ជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ចាប់តាំងតែពីផ្ទុះរដ្ឋប្រហារឆ្នាំ២០២១មក ហើយបានហាមមិនឱ្យ មីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ណាមួយឡើយ ដោយសារតែការខ្វះសកម្មភាពជុំវិញកិច្ចព្រមព្រៀង៥ចំណុច។ ចំណែកឯប្រទេសថៃ បានឆ្លៀតដើរផ្លូវផ្សេងពីកិច្ចប្រឹងប្រែងរួមរបស់អាស៊ាន តាមរយៈការរៀបចំកិច្ចពិភាក្សាក្រៅផ្លូវការ ជាមួយរដ្ឋមន្រ្តីការបរទេសនៃរបបសឹកមីយ៉ាន់ម៉ា៕