(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) បាននិយាយថា ការទូតគឺជាជម្រើសប្រសើរជាងគេបំផុត សម្រាប់ឱ្យសហគមន៍អន្តរជាតិដោះស្រាយវិបត្តិរដ្ឋប្រហារយោធា នៅឯប្រទេសនីហ្សេនៃតំបន់អាហ្រ្វិកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣។
លោកប្រមុខការទូតអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «ប្រាកដណាស់ ការទូតគឺជាមធ្យោបាយដែលយើងចង់បាន ដើម្បីដោះស្រាយស្ថានការណ៍នេះ។ វាគឺជាមធ្យោបាយបច្ចុប្បន្នរបស់សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច ហៅកាត់ថា ECOWAS ហើយវាក៏ជាមធ្យោបាយរបស់យើងផងដែរ»។ លោក ប៊្លីនខិន ចង់សំដៅទៅលើកិច្ចប្រឹងប្រែងរបស់សហគមន៍ ECOWAS ដើម្បីជំរុញឱ្យយោធានីហ្សេប្រគល់អំណាចដល់ ប្រធានាធិបតីលោក ម៉ូហាម៉ាត់ បាហ៊្សូម (Mohamed Bazoum) វិញ ដែលត្រូវបានគេធ្វើរដ្ឋប្រហារ និងឃុំខ្លួនកាលពី២សប្តាហ៍មុន។
គួរបញ្ជាក់ថា កន្លងមកនេះ ក្រុមប្រទេស ECOWAS ធ្លាប់បានព្រមានយោធានីហ្សេ ប្រគល់អំណាចត្រឡប់ទៅឱ្យលោក Bazoum ដែលជាសម្ព័ន្ធមិត្តសំខាន់ម្នាក់ របស់លោកខាងលិច នៅត្រឹមថ្ងៃអាទិត្យសប្តាហ៍មុន បើមិនដូច្នោះនឹងអាចមានការធ្វើអន្តរាគមន៍យោធា ប៉ុន្តែក្រោយមកបានគូសបញ្ជាក់វិញថា ការធ្វើអន្តរាគមន៍យោធា គឺជាជម្រើសចុងក្រោយបង្អស់។ ដោយឡែក សហរដ្ឋអាមេរិក ក៏បានចាត់មន្រ្តីការទូតជាន់ខ្ពស់ទៅនីហ្សេ ដើម្បីជួបមេដឹកនាំរដ្ឋប្រហារ និងជំរុញឱ្យមានការដោះលែងលោក Bazoum ផងដែរ៕