(មូស្គូ)៖ រុស្ស៊ីបានបន្តធ្វើការវាយប្រហារតាមផ្លូវអាកាសដោយក្នុងរយៈពេលតែមួយយប់ មានមីស៊ីល និងដ្រូនជាង៧០គ្រឿងត្រូវបានបាញ់ស្រោច ដាក់មកលើបណ្តានៃប្រទេសអ៊ុយក្រែន។ មន្ត្រីជំនួយការលោកប្រធានាធិបតីអ៊ុយក្រែន គឺលោក ម៉ាយខាយឡូ ប៉ូដូលីយ៉ាក Mykhailo Podoliak បានថ្លែងថាការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីកាលពីថ្ងៃអាទិត្យកន្លងមកនេះ គឺជាការខឹងចំពោះអ៊ុយក្រែនដែលបានធ្វើឱ្យបណ្តាប្រទេស នៅតំបន់ Global South មានភាពស្ទាក់ស្ទើរក្នុងការចូដៃនៅក្នុងជម្លោះដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។

រុស្ស៊ីបានបន្តធ្វើការវាយប្រហារតាមផ្លូវអាកាសដោយក្នុងរយៈពេលតែមួយយប់ មានមីស៊ីល និងដ្រូនជាង៧០គ្រឿងត្រូវបានបាញ់ស្រោចដាក់មកលើ បណ្តានៃប្រទេសអ៊ុយក្រែន។ ការវាយប្រហារកាលពីថ្ងៃអាទិត្យ ទី៦ ខែសីហាដែលរួមមានទាំងមិស៊ីលលឿនជាងសម្លេង Kinzhal ផងទៀតនោះ គឺនៅបន្ទាប់ពីកប៉ាល់រុស្ស៊ី២គ្រឿង ត្រូវគេរាយការណ៍ថាបានរងការវាយប្រហារ និងខូចខាតដោយសារតែដ្រូនសមុទ្ទរបស់អ៊ុយក្រែននៅក្នុង ឈូងសមុទ្ទខ្មៅ។

អ៊ុយក្រែនបានថ្លែងថាក្នុងចំណោមការបាញ់ស្រាចដោយមីស៊ីលនិងដ្រូនទាំងជាង៧០គ្រឿង នោះមានតែប្រមាណ១០គ្រឿងប៉ុណ្ណោះដែលបានគេច រួចចេញពីប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែនដែលជាឧបករណ៍យោធាផ្តល់ដោយសហរដ្ឋអាមេរិកនិងប្រទេសអាល្លឺម៉ង់។ កងកម្លាំងការពារអាកាស របស់អ៊ុយក្រែនបានអះអាងថាគេបានបំផ្លាញគ្រាប់មីស៊ីលគ្រូសរបស់រុស្ស៊ីចំនួន៣០ក្នុងរង្វង់៤០គ្រាប់ និងបានបាញ់ទម្លាក់ដ្រូន Shahed បានចំនួន ២៧គ្រឿង បន្ថែមទៀត។ មិនមានសេចក្តីរាយការណ៍ថាប្រព័ន្ធអាវុធការពារដែនអាកាសផ្តល់ដោយសហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ អាចមានលទ្ធភាព បាញ់ទម្លាក់គ្រាប់មីស៊ីលលឿនជាងសម្លេង Kinzhal របស់រុស្ស៊ីឡើយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា ឆ្លុះបញ្ចាំងតាមការវាយប្រហារនេះ, អ៊ុយក្រែនបាន មើលឃើញនូវ «លទ្ធផលដ៏សំខាន់» ពីប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ ទោះបីជាមានរលកនៃការវាយប្រហារតាមអាកាស របស់រុស្ស៊ីខ្លាំងក្លាដាក់លើអគារនិងទីបណ្តុំរស់នៅរបស់ប្រជាពលរដ្ឋអ៊ុយក្រែន នៅតាមបណ្តាក្រុងអ៊ុយក្រែនយ៉ាងណាក៏ដោយ។

ការវាយប្រហារកាលពីថ្ងៃអាទិត្យនោះ ត្រូវគេចាត់ទុកថាជាការវាយប្រហារសងសឹកមួយបន្ទាប់ពីរុស្ស៊ីចោទជុំវិញដ្រូនរបស់អ៊ុយក្រែនបន្តការវាយប្រហារ ដាក់លើក្រុងម៉ូស្គូ និងការវាយប្រហារដទៃទៀតដាក់លើកប៉ាល់ធ្វើពាណិជ្ជកម្មមួយគ្រឿងរបស់រុស្ស៊ី និងលើកប៉ាល់មួយគ្រឿងទៀតដែលគេជឿថា ជាកប៉ាល់ចម្បាំងរបស់រុស្ស៊ីនៅក្នុងដែនទឹកឈូងសមុទ្ទខ្មៅ បើទោះបីជារុស្ស៊ីបានបដិសេធការខូចខាតក៏ដោយ។ ការវាយប្រហារដាក់លើទីតាំងកំពង់ផែ ត្រូវគេឃើញថា គឺជាយុទ្ធសាស្ត្រនៅលើសមរភូមិទាន់សម័យ ខណៈរុស្ស៊ីវេលាចុងក្រោយនេះ ត្រូវគេឃើញថាបានធ្វើការវាយប្រហារដាក់លើបណ្តា ទីតាំងកំពង់ផែអ៊ុយក្រែនយ៉ាងហោចចំនួន២ ក្នុងរយៈពេល២សប្តាហ៍មកនេះ និងការវាយប្រហារជញ្ជ្រំរបស់រុស្ស៊ីម្តងហើយម្តងទៀត ដាក់លើកំពង់ផែដ៏ធំ បង្អស់របស់អ៊ុយក្រែន Odessa នាពេលកន្លងថ្មីៗមកនេះទៀត ដែលធ្វើឱ្យគ្រាប់ធញ្ញជាតិ បានកើនឡើងតម្លៃរបស់វានៅលើសកលលោក។

ក្រៅពីការវាយប្រហារដាក់លើកំពង់ផែដែលជាសសៃឈាមដឹកជញ្ជួនសេដ្ឋកិច្ចដ៏សំខាន់, រុស្ស៊ី និងអ៊ុយក្រែនបានធ្វើការវាយប្រហារដាក់គ្នាទៅវិញទៅមក លើរដ្ឋធានីនៃប្រទេសទាំង២ជាបន្តបន្ទាប់។ ក្រុងម៉ូស្គូនៃរដ្ឋធានីរបស់ប្រទេសមហាអំណាចនុយក្លែអ៊ែ័រដ៏ធំជាងគេបង្អស់របស់ពិភពលោក ត្រូវបានរងនឹង ការវាយប្រហារដោយដ្រូនជាបន្តបន្ទាប់ ដោយរុស្ស៊ីចោទថាជាដ្រូនរបស់អ៊ុយក្រែន ដោយមានការជួយឧបត្ថម្ភគាំទ្រពីប្រទេសលោកខាងលិច។

រុស្ស៊ី និងអ៊ុយក្រែន បានបង្កើនការវាយប្រហារដាក់លើកងទ័ព, ការបំផ្លាញគ្រឿងសព្វាវុធ និងហេដ្ឋារចនាសម្ព័ន្ធទៅវិញទៅមកដើម្បីតែការបង្ហាញ ប្រៀបឈ្នះលើសង្គ្រាមរៀងៗខ្លួននៅទន្ទឹមនឹងយុទ្ធនាការវាយបករដូវក្តៅនៅលើសមរភូមិ កំពុងស្ថិតក្នុងសភាពទ្រឹងមិនអាចធ្វើដំណើរទៅមុខបានលឿន តាមការរំពឹងទុកឡើយ។ ប្រទេសរុស្ស៊ីបានរាយការណ៍ថាគេបានបាញ់ទម្លាក់ដ្រូនមួយគ្រឿង ដែលកំពុងហោះសំដៅទៅ ក្រុងម៉ូស្គូដែលជាការវាយប្រហារ បីលើកក្នុងរយៈពេលមួយសប្តាហ៍គ្រាដែលអ៊ុយក្រែនវាយប្រហារតាមផ្លូវអាកាសដាក់លើស្ពាន២ដែលជាស្ពានតភ្ជាប់តំបន់គ្រីមៀ ទៅកាន់ដែនគោក នៃទឹកដីអ៊ុយក្រែន។

ប្រធានគ្រប់គ្រងតំបន់គ្រីមៀរបស់រុស្ស៊ីបាននិយាយថា ស្ពាន Chonhar ដែលភ្ជាប់គ្រីមៀទៅ នឹងតំបន់ដីគោកអ៊ុយក្រែន ត្រូវបានខូចខាតដោយសារ ការវាយប្រហារនឹងមីស៊ីលមួយគ្រាប់។ ប្រធានគ្រប់គ្រងតំបន់គ្រីមៀដដែលបាននិយាយបន្តថាផ្លូវមួយក្នុងចំណោមផ្លូវ៣ផ្សេងទៀត ដែលតភ្ជាប់រវាង តំបន់គ្រីមៀនិងតំបន់ដីគោកនៃទឹកដីអ៊ុយក្រែនស្ថិតក្បែរក្រុង Henichesk ក៏ រងការបាញ់ផ្លោងផងដែរ ដោយបណ្តាលឱ្យជនស៊ីវិលម្នាក់បានរងរបួស។

ថ្លែងនៅក្នុងសុន្ទរកថាមួយតាមវីដេអូពេលយប់កាលពីថ្ងៃអាទិត្យ លោក Zelenskiy បាននិយាយថាប្រព័ន្ធការពារដែនអាកាសទំនើបៗ ដូចជា Patriot ដែលផលិតដោយសហរដ្ឋអាមេរិក និងប្រព័ន្ធ IRIS-T របស់អាល្លឺម៉ង់ កំពុងបង្ហាញឱ្យឃើញនូវ «ប្រសិទ្ធភាពខ្ពស់» និងបាន «ផ្តល់លទ្ធផលគួរឱ្យ កត់សម្គាល់»។ លោក Zelenskiy ជាមួយនឹងសេចក្តីពេញចិត្តនឹងអាវុធជំនួយរបស់លោកខាងលិចនេះ បាននិយាយថា អ៊ុយក្រែនកាលពីសប្តាហ៍ កន្លងមកបានបាញ់ទម្លាក់អាវុធវាយប្រហាររបស់រុស្ស៊ី ដែលក្នុងនោះរួមមានមីស៊ីល 65គ្រឿងនៃប្រភេទផ្សេងៗ, ដ្រូនចំនួន១៧៨គ្រឿង ក្នុងនោះរួម មានដ្រូនប្រភេទ Shahed ចំនួន៨៧គ្រឿង។ ហើយក្នុងសប្តាហ៍នេះទៀត, ប្រព័ន្ធការពារដែនអាកាស Patriot របស់អាមេរិកនិងប្រព័ន្ធ IRIS-T របស់ អាល្លឺម៉ង់បានបន្តការបាញ់ទម្លាក់អាវុធរុស្ស៊ីជាបន្ថែមទៀត។

អ៊ុយក្រែនបាននិយាយបន្តមកទៀតថា ក្រោយមករុស្ស៊ីបានបាញ់មីស៊ីលចំនួន ៣០ គ្រាប់ និងធ្វើការវាយប្រហារតាមផ្លូវអាកាសចំនួន ៤៨លើក។ ក្រុមទាហានអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថាការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីនោះ បានបង្កឱ្យមានមនុស្សស្លាប់ និងរបួស ដល់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមួយចំនួនបានរងការបំផ្លិចបំផ្លាញ។

ការវាយប្រហារទាំងនោះ គឺនៅក្រោយពីមានការប្រហារដោយគ្រាប់បែកទម្លាក់មួយគ្រាប់ កាលពីល្ងាចថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមកនេះ ដែលលោក ហ្សេឡិនស្គី បានពណ៌នាថា វាយដាក់លើមជ្ឈមណ្ឌលផ្តល់ឈាមក្នុងទីក្រុង Kupiansk ចម្ងាយប្រមាណ ១៦គីឡូម៉ែត្រពីផ្នែក សមរភូមិខាងមុខក្នុង តំបន់ភាគខាងកើតតំបន់ Kharkiv, ការបាញ់ចំឃ្លាំងផ្ទុកគ្រាប់ធញ្ញជាតិ និងលើព្រលានអាកាសយានដ្ឋាន ដែលស្ថិតនៅភាគខាងលិចក្រុងគៀវ។
លោក ហ្សេឡិនស្គីចោទថាការវាយប្រហារដាក់លើមជ្ឈមណ្ឌល ផ្តល់ឈាមនេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម ប៉ុន្តែការអះអាងនេះមិនមានការបញ្ជាក់ច្បាស់ ពីប្រភពឯករាជ្យផ្សេងណាទៀតឡើយ។

ប្រទេសរុស្ស៊ីតែងបដិសេធនូវការចោទប្រកាន់ទាំងឡាយណាដែលនិយាយថារុស្ស៊ីមានគោលដៅវាយប្រហារដាក់លើជនស៊ីវិលឬមន្ទីរពេទ្យយោធានៅក្នុងការធ្វើសង្គ្រាមលើទឹកដីអ៊ុយក្រែន ប្រមាណជាង១ឆ្នាំកន្លះមកនេះ។ ទោះជាយ៉ាងណាក៏ដោយ, ការវាយប្រហារតាមផ្លូវអាកាស ដាក់លើតំបន់ទីប្រជុំជន ក្នុងរដ្ឋធានីម៉ូស្គូដែលធ្វើឱ្យប្រជាជននៅទីនោះបានរងនឹងការភ័យខ្លាច ត្រូវអ៊ុយក្រែនបដិសេធការមិនទទួលខុសត្រូវដូចគ្នាផងដែរ។ ក្នុងទឹកដីនៅប្រទេស រុស្ស៊ីនោះ, អាកាសយានដ្ឋាន Vnukovo របស់ទីក្រុងមូស្គូបានផ្អាកជើងហោះហើរកាលពីថ្ងៃអាទិត្យ ដោយអភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin បាននិយាយថាគេបាញ់ទម្លាក់ដ្រូនមួយគ្រឿងនៅភាគខាងត្បូងនៃរដ្ឋធានីម៉ូស្គូ។

ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថាគេបានធ្វើការវាយប្រហារដោយជោគជ័យដាក់លើមូលដ្ឋានទ័ពអាកាសអ៊ុយក្រែននៅតំបន់ភាគខាងលិច Rivne និងតំបន់ខ្មេលនីតស្គី Khmelnytskyi និងដាក់លើតំបន់ភាគខាងត្បូង Zaporizhzhia។ លោក ហ្សេឡិនស្គី បានថ្លែងកាលពីថ្ងៃអាទិត្យថា « ថ្ងៃនេះរុស្ស៊ី បានធ្វើការវាយប្រហារសាជាថ្មីដោយគ្រាប់មីស៊ីលដាក់លើទឹកដីរបស់យើងដោយរួមមានមីស៊ីលប្រភេទ Kinzhals និង Calibers ផងដែរ»។ លោកថ្លែងថា «គ្រាប់ទាំងនេះបានវាយប្រហារលើរោងចក្រ Motor Sich ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះរបស់អ៊ុយក្រែនស្ថិត ក្នុងខេត្តហ្សាប៉ូរីហ្សៀ និងវាយប្រហារដាក់លើតំបន់ខ្មេលនីតស្គី Khmelnytskyi» ថែមទៀត។ ប្រធានាធិបតីអ៊ុយក្រែនថ្លែងថា មីស៊ីលខ្លះត្រូវបាន បាញ់ទម្លាក់ដោយសារតែកម្លាំងទាហានការពារប្រព័ន្ធដែនអាកាសរបស់អ៊ុយក្រែន ប៉ុន្តែលោកថាបើទោះបីជាមានការវាយប្រហារខ្លាំង និងច្រើនបែបណា ពីរុស្ស៊ីក៏ដោយ អាវុធទាំងនោះ មិនអាចមានឥទ្ធិពលអ្វីដាក់មកលើអ៊ុយក្រែនដែលជាសត្រូវរបស់រុស្ស៊ី នេះបានឡើយ។

លោកថា «យើងនឹងការពារសេរីភាពដើម្បីអ៊ុយក្រែននិងដើម្បីប្រជាជនរបស់ អ៊ុយក្រែន…និងរុស្ស៊ីមិនអាចយកអ្វីមកជំនួសច្បាប់អន្តរជាតិ មិនឱ្យកាត់ទោសដល់អំពើភេរវកម្ម, អំពើដែលបង្កវិបត្តិនានាឬអំពើគំរាមកំហែងសព្វគ្រប់បែបយ៉ាងរបស់ខ្លួនដាក់មកលើអ៊ុយក្រែន ឡើយ»

រុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារជាក្រុមដោយប្រើប្រាស់អាវុធបាញ់ច្បាស់ជាក់លាក់រយៈចម្ងាយឆ្ងាយ ទាំងលើដែនគោក និងលើដែនសមុទ្ទ និងថាបន្ទាប់ពីមានការវាយប្រហាររួចមកនោះ គោលដៅធ្វើសកម្មភាពរបស់អ៊ុយក្រែនទាំងអស់ ត្រូវបានស្ងប់ស្ងាត់លែងមាន សកម្មភាពអ្វីទាំងអស់វិញ។ សេចក្តីរាយការណ៍ខ្លះបានបង្ហាញថាក្នុងការបាញ់ស្រោចតាមផ្លូវអាកាសកាលពីថ្ងៃអាទិត្យនោះ យ៉ាងហោចមានមីស៊ីលលឿន ជាងសម្លេង Kinzhal ចំនួន៣ដើមត្រូវបានបាញ់ដាក់មកលើបណ្តាក្រុងនៃប្រទេសអ៊ុយក្រែន។ អភិបាលរងនៃតំបន់ខ្មេលនីតស្គី Khmelnytskyi គឺលោក Serhiy Tiurin បាននិយាយទទួលស្គាល់ថាព្រលានអាកាសយានដ្ឋានខ្មេលនីតស្គី ពិតជាបានរងនឹងការវាយប្រហារដោយកម្លាំង អាកាសរបស់រុស្ស៊ី ពិតមែន…ប៉ុន្តែលោកបាននិយាយថាមីស៊ីលភាគច្រើនត្រូវបានបាញ់ទម្លាក់ ប៉ុន្តែគ្រាប់ដែលឆ្លងផុតពីប្រព័ន្ធការពារអាកាសបានបំផ្ទុះបំផ្លាញផ្ទះជាច្រើន, បំផ្លាញវិទ្យា ស្ថានវប្បធម៌និងស្ថានីយ៍រថយន្តក្រុង ហើយភ្លើងបានឆាបឆេះឃ្លាំងផ្តុកគ្រាប់ធញ្ញជាតិថែមទៀត។

មន្ត្រីជំនួយការ Zelenskiy គឺលោក Mykhailo Podoliak បានថ្លែងថា ការវាយប្រហារដោយ មីស៊ីលរបស់រុស្ស៊ីនាចុងសប្តាហ៍កន្លងមកនេះ គឺជាការឆ្លើយតបចំពោះភាពដឹកនាំរបស់អ៊ុយក្រែនដែលបានធ្វើឱ្យបណ្តាប្រទេសនៅតំបន់ Global South មានការស្ទាក់ស្ទើរក្នុងការចូលដៃនៅក្នុង ជម្លោះ ដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ និងអាទិត្យកន្លងមកនេះ, មន្ត្រីជាន់ខ្ពស់មកពីប្រទេសចំនួន 40 រួមទាំងសហរដ្ឋអាមេរិក ចិន និងឥណ្ឌា បានជួបពិភាក្សាគ្នា អំពីជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី ប្រព្រឹត្តទៅនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែកិច្ចប្រជុំនោះបានបញ្ចប់ដោយមិនមានសកម្មភាពជាក់ស្តែងអ្វីលើស ពីការប្តេជ្ញាចិត្តក្នុងការពិគ្រោះយោបល់ជាបន្ថែមទៀតនោះទេ។ កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃការជំរុញការទូតដោយអ៊ុយក្រែន ក្នុងការស្វែងរក ការគាំទ្រដល់អ៊ុយក្រែនលើសពីអ្វីដែលមានអ្នកគាំទ្រលោកខាងលិចធ្វើជាស្នូលគាំទ្ររបស់ខ្លួនកន្លងមកនេះ។

មន្ត្រីអ៊ុយក្រែនលោក Andriy Yermak បានថ្លែងថាកិច្ចប្រជុំនៅក្នុងប្រទេសអារ៉ា ប៊ីសា អ៊ូឌីត បានទទួលជោគជ័យ ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយបញ្ជក់ លំអិតឡើយ។ ក្នុងកិច្ចប្រជុំ កាលពីចុងសប្តាហ៍នោះ, រុស្ស៊ីមិនបានចូលរួមទេ។ អនុរដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីគឺ លោក Sergei Ryabkov បាននិ យាយថា កិច្ចប្រជុំ នោះ បានឆ្លុះបញ្ចាំងពី «កិច្ចខិតខំប្រឹងប្រែងដ៏រំលំរលាយ» របស់ប្រទេសលោកខាងលិចដើម្បីចង់ ប្រមូលផ្តុំប្រទេសកំពុងអភិវឌ្ឍន៍ ឱ្យស្ថិតនៅពីខាងក្រោយខ្នងមេដឹកនាំអ៊ុយក្រែនលោក Zelenskiy តែប៉ុណ្ណោះ៕