(វ៉ាស៉ីនតោន)៖ ការិយាល័យរដ្ឋាភិបាលអាមេរិក ក្នុងទីក្រុងវ៉ាស៉ីនតោន ត្រូវបិទជាបណ្តោះអាសន្ននៅព្រឹកថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៉ីនតោន) ដោយសារតែបញ្ហាអាកាសធាតុ ខណៈភ្នាក់ងារឧតុនិយម បានចេញការព្រមានដល់ប្រជាជនទូទាំងភាគខាងកើតសហរដ្ឋអាមេរិក អំពីព្យុះភ្លៀង ការបំផ្លិចបំផ្លាញដោយខ្យល់បក់បោក និងធ្លាក់ដុំទឹកកក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣។

បណ្ណាល័យ សារមន្ទីរ សួនសត្វជាតិ អាងហែលទឹក និងការិយាល័យរដ្ឋាភិបាលក្រុង និងសហព័ន្ធផ្សេងទៀត នៅក្នុងទីក្រុងវ៉ាស៉ីនតោន ក៏ត្រូវបានបិទ មុនពេលកំណត់ផងដែរ។ ការិយាល័យគ្រប់គ្រងបុគ្គលិករបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា បុគ្គលិកសហព័ន្ធត្រូវចេញពីធ្វើការមិនឲ្យលើសពីម៉ោង ៣រសៀល។ FlightAware ដែលជាគេហទំព័រតាមដានជើងហោះហើរ បានឲ្យដឹងថា ជើងហោះហើរអាមេរិកជាង ២,៦០០ត្រូវបានលុបចោល ហើយជើងហោះហើរចំនួន ៧,៧០០ផ្សេងទៀតត្រូវពន្យារពេល។

គួរបញ្ជាក់ថា ព្យុះផ្គររន្ទះ និងខ្យល់បក់ក្នុងល្បឿនលឿនបានបំផ្លាញដើមឈើ កាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់ផ្ទះ និងអាជីវកម្មជិត ២០០,០០០ខ្នង នៅក្នុងរដ្ឋម៉ារីលែន (Maryland) និងរដ្ឋវីជីញ៉ា (Virginia) ខណៈពលរដ្ឋចំនួន ៨០០,០០០នាក់គ្មានថាមពលប្រើប្រាស់ នៅក្នុងរដ្ឋភាគខាងត្បូង និងភាគកណ្តាលនៃរដ្ឋអាតធ្លែនធិច (Atlantic)។ ទីភ្នាក់ងារឧតុនិយមជាតិ បានឲ្យដឹងថា មនុស្សជាង ២៩.៥លាននាក់ គិតចាប់ពីរដ្ឋអាឡាបាម៉ា (Alabama) ទៅដល់ភាគខាងលិចរដ្ឋញូវយ៉ក បានប្រឈមនឹងហានិភ័យនៃខ្យល់ព្យុះថូណាដូ ប៉ុន្តែនៅមិនទាន់មានរបាយការណ៍ពីផលប៉ះពាល់ ណាមួយទេ គិតត្រឹមម៉ោង ៩យប់ថ្ងៃចន្ទសប្តាហ៍នេះ៕