(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ការចាប់ខ្លួនលោក អ៉ីមរ៉ាំ ខាន់ (Imran Khan) គឺជា «បញ្ហាផ្ទៃក្នុង» របស់ប៉ាគីស្ថាន ដោយបដិសេធមិនចូលខ្លួនពាក់ព័ន្ធឹនឹងបញ្ហាផ្លូវច្បាប់របស់អតីតនាយករដ្ឋមន្ត្រី និងជាអ្នកដែលតែងតែរិះគន់លើ សហរដ្ឋអាមេរិករូបនេះនោះទេ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣។
លោក ខាន់ ត្រូវបានចាប់ខ្លួនក្នុងទីក្រុងឡាហ័រ (Lahore) នៃប្រទេសប៉ាគីស្ថាន កាលពីចុងសប្តាហ៍មុន បន្ទាប់ពីតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ៣ឆ្នាំពីបទលក់អំណោយរបស់រដ្ឋដោយខុសច្បាប់ តែលោក ខាន់ បានបដិសេធ។ នៅពេលត្រូវបានសួរថាតើសហរដ្ឋអាមេរិក ជឿថា សវនាការរបស់លោក ខាន់ នឹងមានភាពយុត្តិធម៌ដែរឬទេ? អ្នកនាំពាក្យក្រសួងការបរទេស លោក ម៉ាស៊ូ មីលលឺ (Matthew Miller) បានគូសបញ្ជាក់ថា «យើងជឿជាក់ថា នេះជាបញ្ហាផ្ទៃក្នុងរបស់ប៉ាគីស្ថាន»។ ប្រតិកម្មរបស់ក្រសួងការបរទេសអាមេរិក កើតមានឡើងចំពេលគេមើល ឃើញថាសហរដ្ឋអាមេរិករក្សាភាពស្ងៀមស្ងាត់ចំពោះករណីលោក ខាន់ បើធៀបទៅនឹងការកាត់ទោសមេដឹកនាំប្រឆាំងល្បីៗផ្សេងទៀតនៅលើ ពិភពលោក។
គួរបញ្ជាក់ថា ស្ទើរតែពេញមួយជីវិតនយោបាយ លោក ខាន់ ធ្លាប់ជាអ្នករិះគន់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកឥតសំចៃមាត់ ជាពិសេស ការវាយប្រហារដោយយន្តហោះដ្រូនរបស់អាមេរិក សំដៅទៅលើក្រុមសកម្មប្រយុទ្ធនៅតាមព្រំដែនអាហ្វហ្កានីស្ថាន ដែលលោក ខាន់ ហៅថាការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងរំលោភលើអធិបតេយ្យរបស់ប៉ាគីស្ថាន៕